ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រដំឡើងរថយន្ត តូយូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក.TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០២ ខែឧសភា ឆ្នាំ ២០២៤

ក្រុមហ៊ុន TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD ជាក្រុមហ៊ុនដំឡើងរថយន្តលំដាប់អន្តរជាតិមួយបន្ថែមទៀតបន្ទាប់ពីក្រុមហ៊ុន RMA Cambodia ដែលបានបើកដំណើរការរោងចក្រដំឡើងរថយន្ត Ford នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២២ ។

(រាជធានីភ្នំពេញ) ៖ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិវបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា ស៊ុយស៊ូ មេនូហេ្វកឆឺរីង ខេមបូឌា ឯក (Toyota Tsusho Manufacturing Cambodia) នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលបានបោះទុនវិនិយោគប្រមាណ ៣៦,៨ លានដុល្លាអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ជាមួយនឹងមានសមត្ថភាពដំឡើងរថយន្តពីរប្រភេទ បានចំនួន ១៣២០ គ្រឿង សម្រាប់ឆ្នាំ២០២៤ ក្នុងនោះ ទី១- ប្រភេទ SUV ម៉ាក Toyota Fortuner ចំនួន ២៩០ គ្រឿង និងទី២- ប្រភេទមួយបាំងកន្លះ (Pick-up truck) ម៉ាក Toyota Hilux ចំនួន ១.០៣០ គ្រឿង ។ នេះជាវឌ្ឍនភាពថ្មីដ៏ល្អវិសេសមួយទៀត សម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាយើង និយាយដោយឡែក និងក៏ជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និយាយជារួម។

ក្រុមហ៊ុននេះបានពង្រីកធុរកិច្ចរបស់ខ្លួនតាមរយៈការបង្កើតរោងចក្រ ពិសេសគឺការធ្វើពិពិធកម្មនាំរថយន្តចូលគ្រប់ប្រភេទទាំងស្រុង មកជាការវិនិយោគសង់រោងចក្រតម្លើងរថយន្តទាំងពីរប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែម្តង ហើយនេះគឺជាការចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាផងដែរ។ នេះគឺជាមោទនភាពមួយផងដែរ ដែលមានក្រុមហ៊ុនលំដាប់អន្តរជាតិជាបន្តបន្ទាប់ បានផ្តល់នូវទំនុកចិត្តជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិ ។

រាជរដ្ឋាភិបាល នីតិកាលទី៧ នេះបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់ ដោយក្នុងនោះ ដោយបញ្ចកោណទី២ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការបង្កើន ភាពប្រកួតប្រជែង” រាជរដ្ឋាភិបាលបានផ្តោតលើកិច្ចការអាទិភាពចំនួន៥ ដោយកិច្ចការអាទិភាពទី៣ ការកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តកែលម្អបរិយាកាសអំណោយផល ដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈ ការសម្រួល និង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្តល់សេវាសាធារណៈ និង កិច្ចការរដ្ឋបាល, ការពង្រឹងសមត្ថភាពស្ថាប័ន, និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន ។

វីដេអូសម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានទាក់ទង