ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៦សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ ២០២៤

ត្បូងឃ្មុំ៖នាថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៦សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិភាព គណនេយ្យភាព សុក្រឹត្យភាព និងទាន់ពេលវេលានៃការអនុវត្តច្បាប់នេះជូនដល់គ្រប់មន្ទីរជំនាញ-អង្គភាពជុំវិញខេត្ត។

ខ្លឹមសារនៃសារាចរណែនាំនេះ បានកំណត់ក្របខ័ណ្ឌ និងវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទេសក្នុងការគ្រោងចំណូល និងចំណាយចាំបាច់ សម្រាប់ជាមូលដ្ឋានដល់ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន សំដៅធានាសម្រេចឱ្យបានជោគជ័យនូវគោល-បំណងគោលនយោបាយ និងកម្មវិធីដើម្បីរួមចំណែកសម្រេចឱ្យបានគោលនយោបាយរួមរបស់រាជ-រដ្ឋាភិបាល។

ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវបញ្ចូន ផ.យ.ថ ឆ្នាំ២០២៥-២០២៧ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥ របស់ខ្លួនចំនួន២ច្បាប់មក កសហវ(អគ្គនាយកដ្ឋានថវិកា) យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។




ព័ត៌មានទាក់ទង