នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំរំដួល សាលាខេត្តត្បូងឃ្មុំ ,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានជួយសម្របសម្រួលរៀបចំ "កិច្ចប្រជុំស្តីពី ការពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ប្រចាំឆ្នាំ២០២៤ ជូនដល់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ " ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន ថាណូ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការសាលាខេត្ត លោកប្រធានមន្ទីរ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ រដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ និងមន្ត្រីជំនាញអ្នកពាក់ព័ន្ធ សរុបចំនួន ១៥០នាក់។
ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាគតិយុត្តនានាជាធរមាន ក៏ដូចជាអនុវត្តតាមគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការក្នុងការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ បានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់ជាច្រើន ជាពិសេស កម្មវិធីកំណែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈរហូតទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អប្រសើរ ស្របទៅតាមកម្មវិធីកំណែទម្រង់ជាអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក៏ជាផ្នែកមួយដ៏សំខាន់ នៃកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ដូច្នេះក្នុងនាមអង្គភាពដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំគ្រប់គ្រង ប្រើប្រាស់ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ជូនរដ្ឋ ដែលគ្រប់អង្គភាព ត្រូវរៀបចំកត់ត្រាទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយអនុលោមតាមបែបបទ និងនីតិវិធីដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំ ក្នុងន័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធភាព ស័ក្ដសិទ្ធភាព និងគណនេយ្យភាព។
ឯកឧត្តមក៏បានស្នើដល់មន្ដ្រីពាក់ព័ន្ធនៅថ្នាក់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ អង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទ្រព្យសម្បត្តិរដ្ឋ ពិសេសគឺទីតាំងដីរដ្ឋ ដែលពុំទាន់បានចុះក្នុងសៀវភៅបញ្ជីសាពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវយកមកចុះក្នុងបញ្ជី និងត្រូវរៀបចំនីតិវិធីធ្វើប័ណ្ណសំគាល់កម្មសិទ្ធិអោយបានចប់សប់គ្រប់ ដើម្បីជៀសវាងការរំលោភកាន់កាន់ និងបាត់បង់ជាយថាហេតុ។
លោក ម៉ុន ថាណូ អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖ ទ្រព្យសម្បត្តិរដ្ឋទាំង ជាកត្តាដ៍សំខាន់ ក្នុងការកំណត់គុណភាព និងវិសាលភាពនៃការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលរបស់អាជ្ញាធរកាន់កាប់ ឬអង្គភាពប្រើប្រាស់ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រើប្រាស់ និងថែទាំ ព្រោះថា ប្រសិនបើយើងថែទាំ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងនោះបានល្អ នោះការបំពេញការងារប្រចាំថ្ងៃរបស់អង្គភាព នឹងអាចប្រព្រឹត្តិទៅដោយរលូន ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺយើងបានចូលរួមចំណែកកាត់បន្ថយចំណាយរបស់អង្គភាពក្នុងការទិញ សំភារៈប្រើប្រាស់ថ្មីបន្ថែមទៀតបានមួយផ្នែកធំ។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនបានថែទាំ និងប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះមិនបានល្អ នោះការបំពេញការងារប្រចាំថ្ងៃក៍មិនបានល្អដែរ ហើយការចំណាយរបស់អង្គភាពក្នុងការទិញសំភារៈប្រើប្រាស់ថ្មីនឹងកើនឡើង។
លោក ម៉ុន ថាណូ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មរដ្ឋបាលខេត្តត្បូងឃ្មុំ ជាពិសេសមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលបានអនុវត្តកិច្ចការងារទទួលបានលទ្ធផលល្អនាពេលកន្លងមក និងសំណូមពរឱ្យខិតខំអនុវត្តកិច្ចការងារនេះបន្ថែមទៀត។
តាមរបាយការណ៍របស់លោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានបង្ហាញថា៖ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តត្បូងឃ្មុំ សរុបមានចំនួន ១០៤អង្គភាពបានរៀបចំបញ្ជីសារពើភណ្ឌរួចរាល់មានចំនួន៩២មន្ទីរ-អង្គភាពស្មើ ៨៨% និងបន្តរៀបចំអោយបានរួចរាល់នាពេលខាងមុខ ដោយឡែកទីតាំងដីរដ្ឋសរុបចំនួន ១០៥២កន្លែង បានធ្វើប័ណ្ណកម្មសិទ្ធិរួចចំនួន ៧៨៨កន្លែង ស្មើនឹង៧៥% និងកំពុងបន្តស្នើសុំប័ណ្ណកម្មសិទ្ធិចំនួន ២៦៤កន្លែង ស្មើនឹង ២៥%ផងដែរ៕