ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ ២០២៥

        
        នារសៀលថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,លោកគីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីដ៌ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ជូន គឹមឡេង រដ្ឋលេខាធិការ និងជាប្រធានកម្មវិធីទី៤ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកានៃ កសហវ.។
        កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១. តាមដាន និង រាយការណ៍ជូនថ្នាក់ដឹកនាំ អំពីសមិទ្ធកម្ម និង លទ្ធផលការអនុវត្តថវិកាប្រចាំឆមាសទី ១ ដែលអង្គភាពថវិកានៃ កសហវ. សម្រេចបាន និង សមិទ្ធកម្មជារួមរបស់ក្រសួង
២. កំណត់បញ្ហាប្រឈម និង ស្នើដំណោះស្រាយ ដើម្បីជំរុញការអនុវត្តបន្តនៅឆមាសទី ២
៣. បំពេញតាមលក្ខខណ្ឌតម្រូវនៃបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងថវិកាកម្មវិធី និង ថវិកាសមិទ្ធកម្មជាធរមាន ។
អង្គប្រជុំបានពិភាក្សា និង វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការអនុវត្តថវិកាក្នុងឆមាសទី ១ ឆ្នាំ ២០២៥ របស់ កសហវ. ដោយបានពិនិត្យឃើញថា អង្គភាពថវិកានៃ កសហវ. មានការទទួលខុសត្រូវចំពោះសមិទ្ធកម្មរៀងៗខ្លួន, ជាមួយនឹងសូចនាករ ដែលបានព្រមព្រៀង និង ដោយមានការចូលរួមពីអង្គភាពជំនាញក្រោមឱវាទ និង ការតម្រង់ទិសជាប្រចាំពីថ្នាក់ដឹកនាំនៃអង្គភាពថវិកា ។
ឆ្លៀងក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់ជាអនុសាសន៍ជំរុញដល់ អគ្គនាយកដ្ឋានថវិកា, អគ្គលេខាធិការដ្ឋាន កសហវ. ក្នុងនាមអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពពាក់ព័ន្ធ ដើម្បីបន្តចូលរួមពង្រឹងការងារថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាពិសេស ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅគ្រប់ដំណាក់កាលនៃវដ្តថវិកា។

ព័ត៌មានទាក់ទង