ជ្រើសរើសភាសា: Khmer Khmer English English
លទ្ធផលនៃកិច្ចប្រជុំលើសេចក្ដីព្រាង “យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ ២០២៥

    នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង “យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨” មុននឹងដាក់ “សេចក្ដីព្រាងយុទ្ធសាស្រ្ត” ជូនរាជរដ្ឋាភិបាលអនុម័តជាផ្លូវការនាពេលខាងមុខ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក គ.ស.ហ។

    ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ដំណាក់កាលទី៤, “គណនេយ្យភាពសមិទ្ធកម្ម”, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបញ្ចប់រួចរាល់នូវសេចក្ដីព្រាងឯកសារ «យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨»។ ក្នុងគោលដៅកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ “សេចក្ដីព្រាងយុទ្ធសាស្រ្ត” នេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានចំនួន ៣ រួមមាន៖

១. ផែនការសកម្មភាពរួមដំណាក់កាលទី ៤ (CAP-4) បច្ចុប្បន្នកម្ម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៥-២០២៧,

២. យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា បច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨, និង

៣. ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈថ្មីឆ្នាំ២០២៣ ដែលជាសមិទ្ធផលគន្លឹះនៃការអនុវត្តយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ អនុម័តដាក់ឱ្យអនុវត្តដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។

    ជារួម, ដោយរក្សានូវទិសដៅដូចយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥ ដដែល, «យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨» នេះរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាពាក់ព័ន្ធលទ្ធកម្មសាធារណៈ ដែលតម្រូវឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ ក្នុងគោលដៅពង្រឹងការគ្រប់គ្រង និងការអនុវត្តលទ្ធកម្មសាធារណៈនៅកម្ពុជាឱ្យកាន់តែមាន តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។ “សេចក្ដីព្រាងយុទ្ធសាស្រ្តបច្ចុប្បន្នកម្ម” បានកំណត់គោលដៅយុទ្ធសាស្រ្ត និងផែនទីចង្អុលផ្លូវ ដើម្បីបន្តកែទម្រង់សមាសធាតុគន្លឹះៗនៃប្រព័ន្ធលទ្ធកម្មសាធារណៈ ក្នុងគោលបំណងគឺដើម្បីធ្វើឱ្យប្រព័ន្ធលទ្ធកម្មសាធារណៈនៅកម្ពុជា “ក្លាយទៅជាប្រព័ន្ធមួយកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាព ប្រកួតប្រជែង និងសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ”។ ជាមួយគ្នានេះ, “យុទ្ធសាស្រ្តបច្ចុប្បន្នកម្ម” នេះ នឹងរួមចំណែកដល់ការកសាងនិងអនុវត្តប្រព័ន្ធថវិកាសមិទ្ធកម្ម ឱ្យកាន់តែពេញលក្ខណៈ ស្របតាមស្ដង់ដារអន្តរជាតិ លើការពង្រឹងភាពជឿទុកចិត្តនៃថវិកា, ការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ, និងជាពិសេសជំរុញការកសាងក្របខ័ណ្ឌគណនេយ្យភាពសមិទ្ធកម្ម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

    ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមផ្ដល់មតិយោបល់ និងការបង្ហាញនូវការប្ដេជ្ញា និងឆន្ទៈខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រ និងការចូលរួមអនុវត្តកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកដើម្បីសម្រេចបាននូវគោលបំណង និងគោលដៅកំណត់ក្នុង “សេចក្ដីព្រាងយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨” នេះ។


ព័ត៌មានទាក់ទង