(ពិភពលោក)៖ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលរំពឹងថានឹងមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទាំង១៦ប្រទេសក្នុងឆ្នាំ២០២៣នេះដោយឈរនៅចំណាត់ថ្នាក់ទី១៤។នេះបើយោងតាមសេចក្តីរាយការណ៍របស់គេហទំព័រ Finance.yahoo.com កាលពីចុងសប្តាហ៍មុន។
គេហទំព័រ Finance.yahoo.com បានរាយការណ៍ថាផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាមានទំហំ ២៦,៩៦ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ហើយសមភាពកម្លាំងទិញ (PPP) បានកើនឡើងដល់ ៧៥ពាន់លាន ដុល្លារគិតត្រឹមដំណាច់ឆ្នាំ២០២២កម្ពុជាបានបង្ហាញសញ្ញាណនៃការស្ទុះងើបសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ដោយមានកត្តាជំរុញជាប្រចាំរបស់ខ្លួនពោលគឺការនាំចេញទំនិញផលិតកម្មនិងទំនិញសិកម្ម បានស្ទុះងើបឡើងវិញពេញលេញ។
ក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង ៥,៨% ដែលជាមួយនឹងកំណើននេះ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ១៦ ផ្សេងទៀតដែលមានសេដ្ឋកិច្ចកើនឡើង លឿនបំផុតក្នុងពិភពលោក។
Finance.yahoo.com បានឱ្យដឹងទៀតថា នៅឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកបានប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរជាច្រើន រួមទាំងជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែនដែលនាំឱ្យមានវិបត្តិស្បៀងអាហារ និងថាមពល អតិផរណាខ្ពស់ ការរឹតបន្តឹងបំណុល និងគ្រោះអាសន្នអាកាសធាតុ។ បញ្ហាប្រឈមទាំងនេះបានប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងបំផុត ដោយសារប្រទេសទាំងនេះពឹងផ្អែកលើឥណទានសកល ដែលមានតម្លៃថោកដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ទោះជាយ៉ាងណា ប្រទេសជាច្រើននៅក្នុងបញ្ជីប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចកើនឡើងលឿនបំផុតនៅលើពិភពលោកនេះ បានធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើវិស័យតែមួយ ដូចជាប្រទេសចិន និងឥណ្ឌា ដែលបានធ្វើពិពិធកម្មផ្នែកផលិតកម្ម និងសេវាកម្ម។ ប្រទេសរវ៉ាន់ដាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ វិស័យ ICT និងវិស័យផលិតកម្ម ខណៈដែលក៏វិនិយោគលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ដែលជួយឱ្យមានអត្រាកំណើន GDP កើនឡើង ៨% នៅឆ្នាំ២០២២។
ការបង្កើតបញ្ជីប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចកើនឡើងលឿនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣ នេះមានមូលដ្ឋានលើនិយមន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់បណ្តាប្រទេសកំពុង អភិវឌ្ឍន៍ ហើយបានដាក់ចំណាត់ថ្នាក់ប្រទេសទាំងនេះដោយផ្អែកលើការព្យាករអំពីកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំ២០២៣ ដោយមូលនិធិ IMF។ ប្រទេសដែលមាន GDP តិចជាង ១ពាន់លានដុល្លារ មិនត្រូវបានរាប់បញ្ចូល ក្នុងការគណនានេះទេ ដោយសារប្រទេសទាំងនោះត្រូវបានគេចាត់ទុកថាមិនមានភាពសំខាន់ខាងផ្នែកសេដ្ឋកិច្ចក្នុងកម្រិតពិភពលោកទោះបីជាប្រទេសទាំងនោះកំពុងអភិវឌ្ឍក្នុងល្បឿនលឿនក៏ដោយ។បញ្ជីនេះក៏ត្រូវបានបង្កើត ឡើងដោយផ្អែកជាចម្បងលើទិន្នន័យពីធនាគារ ពិភពលោកផងដែរ។
យោងតាមគេហទំព័រ Finance.yahoo.com ប្រទេស១៦ ដែលរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចលូតលាស់លឿននៅឆ្នាំ២០២៣នេះ រួមមាន ប្រទេសអ៊ូហ្គង់ដាជាប់ចំណាត់ថ្នាក់ទី១៦ (៥,៧%) វៀតណាមទី១៥ (៥,៨%) កម្ពុជាទី១៤ (៥,៨%) ឥណ្ឌាទី១៣ (៥,៩%) ហ្វីលីពីនទី១២ (៦%) បេណាំងទី១១ (៦%) នីហ្សេទី១០ (៦,១%) អេត្យូពីទី៩ (៦,១%) រវ៉ាន់ដាទី៨ (៦,២%) កូតឌីវ័រទី៧ (៦,២%) សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោទី៦ (៦,៣%) ហ្វ៊ីជីទី៥ (៧%) ម៉ាល់ឌីវទី៤ (៧,២%) សេណេហ្គាល់ទី៣ (៨,៣) លីប៊ីទី ២ (១៧,៥%) ហ្គីយ៉ានទី១ (៣៧,៥%)៕