ជ្រើសរើសភាសា: Khmer Khmer English English
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបើកវគ្គបណ្តុះបណ្តាលស្តីពី "ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានីខេត្ត"
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ ២០២៣

(ភ្នំពេញ)៖នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ "ច្រកចេញចូលតែមួយ" បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានីខេត្ត"

ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីបំពេញបេសកកម្មស្នូល និងពាក់ព័ន្ធ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាម <<ចក្ខុវិស័យក្រសួងឆ្នាំ២០៣០ ជាស្ថាប័ននៃឧត្តមភាព ប្រកបដោយសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់>> ក្រោមដឹកនាំ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថាក្នុងរយៈពេល៥ឆ្នាំចុងក្រោយ, រាជរដ្ឋាភិបាលសម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការកសាងក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជន, ពង្រឹង និងកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគដូចជា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី, ច្បាប់ស្តីការប្រកួតប្រជែង, ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់គោលការណ៍ និងបទប្បញ្ញត្តិបន្ថែម ព្រមទាំងបានសម្រួលដល់ដំណើរការធ្វើធុរកិច្ច និងវិនិយោគតាមរយៈការធ្វើឌីជីថលូបនីយកម្ម, ការចុះបញ្ជី, ការចេញវិញ្ញាបនបត្រនានា, និងការរៀបចំថ្នាលបច្ចេកវិទ្យាសម្រាប់សម្រួលពាណិជ្ជកម្ម, ការផ្លាស់ប្តូរទិន្នន័យ ជាដើម។

ទន្ទឹមនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត ដើម្បីផ្តល់សិទ្ធិសម្រេច និងការធ្វើប្រតិភូកម្មអំណាចកាន់តែច្រើនថែមទៀត ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការពិនិត្យសម្រេចគម្រោងវិនិយោគ ដែលមានទុនវិនិយោគសមមូល ឬទាបជាង ៥ លានដុល្លារអាមេរិក ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ផ្តល់នូវការលើកទឹកចិត្តច្រើនជាងមុន មានភាពទាក់ទាញ និង ប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ និង បរទេស រួមទាំងការធានា និងការការពារវិនិយោគ, សេវាថែទាំវិនិយោគ និង ការដោះស្រាយវិវាទ។ បន្ថែមពីលើនេះ, រាជរដ្ឋាភិបាលនឹងដាក់ចេញនូវអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈលម្អិត និង ច្រើនជាងអនុក្រឹត្យមុន។

ព័ត៌មានទាក់ទង