កាលពីព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨។
សេចក្ដីព្រាងគោលនយោបាយនេះមានចក្ខុវិស័យ "អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក" និងមានគោលបំណង "អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុរស់រវើក តាមរយៈការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល, ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ, ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រ និងការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវច្រកទទួលសេវាហិរញ្ញវត្ថុ, ភាពជឿទុកចិត្ត និងគុណភាពជីវិតរបស់អ្នកប្រើប្រាស់ ក្នុងយុគសម័យឌីជីថល"។