ដើម្បីចំរាញ់យកក្រុមកីឡាករ កីឡាការីនី មានសមត្ថភាព បច្ចេកទេសខ្ពស់ ទេពកោសល្យ ត្រៀមចូលរួមប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ជាតិ មន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំសិក្សា២០២២-២០២៣ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា នៅបរិវេណទីលានបាល់ទាត់ក្រុងសួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ់អស់រយៈពេល០៥ថ្ងៃរួចមក នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ៖ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចូលរួមប្រារព្ធពិធីបិទ "ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំសិក្សា២០២២-២០២៣"ក្នុងនោះក៏មានការអញ្ជើញចូលពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកីឡាករ កីឡាការីនី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
អត្ថបទ និងរូបភាពពី៖រដ្ឋបាលខេត្តត្បូងឃ្មុំ