ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាអភិវឌ្ឍតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ ២០២៥

    នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ បានតំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាមួយជាមួយគណៈប្រតិភូរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

    កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមបណ្ឌិត សៀន សុវណ្ណា រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដោយមានគោលបំណងពិភាក្សា និងចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការប្រមូលទិន្នន័យ និងព័ត៌មាននៅតំបន់ដែលមានសក្កានុពលសម្រាប់ការអភិវឌ្ឍ។ ព័ត៌មាននិងទិន្នន័យទាំងនេះនឹងត្រូវប្រើសម្រាប់រៀបចំផែនការសកម្មភាពអភិវឌ្ឍតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ។

    កិច្ចប្រជុំពិភាក្សាដ៏សំខាន់នេះបានធ្វើឡើងនៅសាលប្រជុំ ក នៃសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ ដូចជាប្រតិភូរដ្ឋលេខាធិការដ្ឋាន លោកនាយករងរដ្ឋបាល លោកនាយក និងនាយករងផ្នែកផែនការ និងវិនិយោគ ទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

    កិច្ចប្រជុំនេះបានបង្ហាញពីការចូលរួមសកម្មរបស់អាជ្ញាធរខេត្ត និងការសហការណ៍ជិតស្និទ្ធជាមួយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីលើកកម្ពស់ការអភិវឌ្ឍតំបន់ព្រំដែន ឱ្យបានមានប្រសិទ្ធភាព និងមានការងើបខ្ពស់សេដ្ឋកិច្ចសង្គមក្នុងតំបន់ខាងមុខ។

រក្សាសិទ្ធិដោយ៖រដ្ឋបាលខេត្តត្បូងឃ្មុំ


ព័ត៌មានទាក់ទង