នៅរសៀលថ្ងៃចន្ទ ៤រោច ដល់ព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ, ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិគ្រោះយោបល់អំពី ទិសដៅ និងជំហាននៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឈានឆ្ពោះទៅអនុវត្តជាមូលដ្ឋានថវិកាសមិទ្ធកម្ម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលខាធិការដ្ឋាន កសហវ., ឯកឧត្ដមបណ្ឌិត ឌី សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំង លោក លោកស្រី តំណាងអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត។
កិច្ចប្រជុំនេះមានគោលបំណងចម្បង ដើម្បីសិក្សាស្វែងយល់អំពីបញ្ហាប្រឈមបច្ចុប្បន្ន និងសំណើជាវិធានការដោះស្រាយ ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងទិសដៅនៃការកែទម្រង់ដើម្បីឈានឆ្ពោះទៅអនុវត្តជាមូលដ្ឋានថវិកាសមិទ្ធកម្មនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ, អង្គប្រជុំក៏បានពិគ្រោះយោបល់ អំពីទិសដៅនៃការធ្វើប្រតិភូកម្មមុខងារត្រួតពិនិត្យថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជាធាតុចូលក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងន័យធានាឱ្យប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានភាពគ្រប់ជ្រុងជ្រោយ មានភាពបត់បែន ប្រទាក់ក្រឡា និងសាមញ្ញក្នុងការអនុវត្ត ព្រមទាំងធានាបាននូវសង្គតិភាពជាមួយការកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។