ត្បូងឃ្មុំ៖ នៅសាលមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ សហការជាមួយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិ រដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំ ពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣ ជូនដល់ មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងខេត្ត ត្បូងឃ្មុំ។ ក្រោមអធិបតីភាពឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិន មែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិន មែនសារពើ ព្រមទាំងមានការចូលរួមដោយ លោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ និងវត្តមាន លោក លោកស្រីជាសមាជិកសមាជិការ សរុបចំនួន១៥០នាក់។
ក្នុងពិធីនោះដែរ លោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានបញ្ជាក់ជូនអង្គប្រជុំនូវវឌ្ឍនភាពលើការងាររៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣មានដូចជា៖
-មន្ទីរ-អង្គភាពបានធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរួចនិងបានប្រគល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានចំនួន៩៤មន្ទីរ-អង្គភាពស្មើ ៩០%។
-ទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលបានវាយតម្លៃនិងធ្វើការចុះបញ្ជីឆ្នាំ២០២៣ មានតម្លៃសរុប១,៧០៣,១៤២ លានរៀល ក្នុងនោះ៖
ដីមានតម្លៃ ៨៨២,៦៦១ លានរៀល
អគារមានតម្លៃ៧២៥,៨៦៧ លានរៀល
បរិក្ខាបច្ចេកទេស និងឧស្សាហកម្ម ១,២១៣ លានរៀល
យានយន្ត និងគ្រឿងចក្រមានតម្លៃ ៣៦,៣៥៧ លានរៀល
សម្ភារៈ និងសង្ហារឹមមានតម្លៃ ៥៤,០៤៤ លានរៀល
-បានធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋចំនួន៧២៧ទីតាំង ស្មើនឹង ៦៩%នៃទីតាំងដីសរុបចំនួន១០៥២ទីតាំង។
ឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិន មែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ បានធ្វើការគូសបញ្ជាក់ថា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែងតែយកចិត្តទុកដាក់ លើការពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បតិ្តរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាព ដោយបានដាក់បញ្ចូលការគ្រប់គ្រងបញ្ជីសារពើភណ្ឌ នេះទៅក្នុង កម្មវិធីកំណែទម្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលតម្រូវឲ្យគ្រប់អង្គភាពនីមួយៗ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ បន្ថែមលើនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការជុំរុញឲ្យអង្គភាពថ្នាក់មូលដ្ឋានជាពិសេសក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំបញ្ជីសារពើភណ្ឌរបស់ខ្លួន ដោយប្រើប្រាស់នូវប្រព័ន្ធព័ត៌មានវិទ្យាហៅកាត់ថា SARMIS ដើម្បីជួយសម្រួលដល់ការកត់ត្រា និងគ្រប់គ្រងបញ្ជីសារពើភណ្ឌ។
ឯកឧត្តមបានស្នើដល់មន្ទីរជំនាញ អង្គភាពនានា មេត្តាយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌប្រចាំឆ្នាំរបស់ខ្លួន ដោយអនុលោមតាមបទបញ្ញត្តិនានាជាធរមានព្រមទាំងធ្វើការត្រួតពិនិត្យលើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួនដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយ និងភាពទាន់ពេលវេលានៃបញ្ជីសារពើភណ្ឌ និងសូមអោយមន្ទីរជំនាញ អង្គភាព ធ្វើការរៀបចំបែបបទក្នុងការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋដែលស្ថិតក្រោមការកាន់កាប់ និងប្រើប្រាស់របស់ខ្លួនអោយបានរួចរាល់ ជៀសវាងមានការរំលោភបំពានកាន់កាប់ខុសច្បាស់លើដីរដ្ឋ។