នាព្រឹកថ្ងៃទី៥ ខែវិឆ្ឆិកា ឆ្នាំ២០២៤, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(គ.ហ.ស.)
បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដើម្បីពិភាក្សាលើ «ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៤»
ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ
និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។
ផ្អែកតាមរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៤,
ការអនុវត្តផែនការសកម្មភាពកែទម្រង់ របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន បន្តមានចលនការ
និងវឌ្ឍនភាពការងារតាមការគ្រោងទុក។ ទោះបីជាកត្តាសេដ្ឋកិច្ចសកល
និងភាពស្មុគស្មាញនៃលក្ខខណ្ឌហិរញ្ញវត្ថុពិភពលោកបានផ្តល់ផលរំខានដល់ការប្រមូលចំណូលជារួមរបស់កម្ពុជា
តែរំហូរសាច់ប្រាក់ (Cash Flow) របស់រាជរដ្ឋាភិបាលនៅក្នុងត្រីមាសទី៣
ឆ្នាំ២០២៤ នៅអាចគ្រប់គ្រងបានល្អប្រសើរ
និងអាចបើកផ្តល់ជាប្រក្រតីសម្រាប់ចំណាយនានា
ដូចជាចំណាយបៀវត្សរ៍សម្រាប់មន្ត្រីរាជការ ចំណាយលើប្រតិបត្តិការទំនិញ/សេវា
និងចំណាយលើថ្លៃទឹកភ្លើងរបស់គ្រប់ក្រសួង ស្ថាប័ន។ ការណ៍នេះ
ឆ្លុះបញ្ចាំងពីតថភាពពិតមួយក្នុងការរក្សាបាននូវភាពជឿទុកចិត្តនៃថវិកា។
ជាក់ស្តែង
សកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតែដើរតួនាទីសំខាន់ក្នុងការបន្តនិរន្តរភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្នុងនោះ, ការងារកែទម្រង់គន្លឹះៗដែលសម្រេចបាន
និងបន្តមានវឌ្ឍនភាពល្អគួរឱ្យកត់សម្គាល់រួមមាន៖ យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ឆ្នាំ២០២៤-២០២៨ ដែលត្រូវបានអនុម័ត និងវឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្រ្តផ្សេងទៀតដូចជា យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ឆ្នាំ២០២៤-២០២៨, យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ២០១៩-២០២៥, យុទ្ធសាស្រ្តកែទម្រង់ការគ្រប់គ្រងវិនិយោគសាធារណៈ ២០២៤-២០២៨, និង យុទ្ធសាស្រ្តការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ជាតិ ២០២៥-២០២៨។ ទន្ទឹមនេះ ការគ្រប់គ្រងប័ណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋ ក៏កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈការកើនឡើងនូវចំនួនប័ណ្ណកម្មសិទ្ធិថ្មីៗរបស់រាជរដ្ឋាភិបាល ខណៈដែលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(FMIS),
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
(SARMIS) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
(NRMIS) ត្រូវបានពង្រីកជាបន្តបន្ទាប់ ដល់រដ្ឋបាលឃុំ សង្កាត់
ទូទាំងប្រទេស ហើយដំណើរការនៃមុខងាររបស់ប្រព័ន្ធនីមួយៗត្រូវបានពង្រឹងបន្ថែម
ដើម្បីឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ជារួម,
ការត្រួតពិនិត្យ
និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៤
បានបង្ហាញពីការគ្រប់គ្រងបាននូវសមិទ្ធផលសំខាន់ៗនៅក្នុងត្រីមាស
បើទោះបីជាស្ថិតក្នុងស្ថានភាពមានវិបត្តិសេដ្ឋកិច្ច។ ទាំងនេះ
ឆ្លុះបញ្ចាំងពីចីរភាព ការទទួលខុសត្រូវ
និងការចូលរួមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់
និងភាពប្រទាក់ក្រឡាគ្នានៃកម្មវិធីកែទម្រង់ ដែលប្រកបដោយបរិយាប័ន្ន។
ជាកិច្ចបញ្ចប់, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី
បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក
របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,
គ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន
រហូតសម្រេចបានសមិទ្ធផលនៅត្រីមាសទី ៣ ឆ្នាំ ២០២៤ នេះ និង
បានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង
ស្ថាប័ន បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៤
នៅត្រីមាសបន្ទាប់ ដើម្បីសម្រេចតាមគោលដៅ ដែលបានគ្រោងទុក ។