ត្បូងឃ្មុំ៖នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ សហការជាមួយអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលមានការចូលរួមពីតំណាងរតនាគារខេត្ត និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ សរុបប្រមាណ ៥០នាក់។
អនុលោមតាមមាត្រា ៥១ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី), កសហវ បានដាក់ចេញសារាចរស្តីពីប្រតិទិនសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ កាលពីខែ មករា ឆ្នាំ ២០២៥ ដែលក្នុងនោះ បានកំណត់អំពីពេលនៃការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និង ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ សម្រាប់ជាមូលដ្ឋាននៃការរៀបចំសេចក្តីព្រាងសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា (ផ.យ.ថ) និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ជាសារាចររួមតែមួយ ដើម្បីដាក់ជូននាយករដ្ឋមន្រ្តីពិនិត្យ និងសម្រេចនៅក្នុងខែ ឧសភា។
ដោយផ្អែកលើក្របខ័ណ្ឌខាងលើ, សារាចរស្តីពីការរៀបចំ ផ.យ.ថ ឆ្នាំ ២០២៦-២០២៨ និងការ-រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ត្រូវបានដាក់ចេញដើម្បីផ្តល់ មគ្គទ្ទេសក៍បច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធដល់គ្រប់ក្រសួង ស្ថាប័ន, មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតក្រោមក្រសួង ស្ថាប័ននីមួយៗ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោម-ជាតិ (សម្រាប់ការរៀបចំថវិកាពាក់ព័ន្ធនឹងមុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និង វិស័យអប់រំ)។