ពិធីបើកនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១៧០ រូប ។

ថ្លែងក្នុងឱកាសនោះ,
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចជូនអង្គពិធីនូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖
ទី១. រាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ គាំទ្រ និង ជំរុញការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ដោយបានពន្លឿនដំណើរឆ្ពោះទៅសម្រេចបានសមិទ្ធផលជាប្រយោជន៍ពុំអាចកាត់ថ្លៃបាន សម្រាប់ស្រ្តីកម្ពុជា ។ តាមរយៈ យុទ្ធសាស្ត្រចតុកោណ ទាំងបួនដំណាក់កាល, រាជរដ្ឋាភិបាល បានប្រកាន់ខ្ជាប់នូវទស្សនវិស័យថា «ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» និង បានជំរុញឱ្យមានការកើនឡើងជាបន្តបន្ទាប់ នូវវត្តមានស្ត្រីក្នុងមុខតំណែងដឹកនាំ ការធ្វើសេចក្តីសម្រេច និង ការធ្វើជាអ្នកតំណាងប្រជាពលរដ្ឋ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ការណ៍នេះ គឺបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយបរិយាបន្ន និង ចីរភាព ។
ទី២. រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដើម្បី «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព» បានបន្តកំណត់យក ការលើកកម្ពស់សមភាពយេនឌ័រ ជាមុំទី១ នៃបញ្ចកោណទី៤ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព បរិយាបន្ន និង ភាពធន់ ព្រមទាំងប្តេជ្ញាបន្តកសាងសង្គមមួយដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និង បរិយាបន្ន ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា «ស្ត្រីគឺជាស្នូល» នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។ ឈរលើទស្សនវិស័យនេះ, រាជរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគការលើកកម្ពស់សមភាពយេនឌ័រ និង ភាពអង់អាចដល់ស្ត្រី និង ក្មេងស្រី ក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និង ភាពជាអ្នកដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ពង្រឹងសិទ្ធិ និង សមត្ថភាពរបស់ស្ត្រីក្នុងការសម្រេចចិត្ត, កាត់បន្ថយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ និង លើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ ប្រកបដោយសុខដុមរមនា ។
ទី៣. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ ២០២៤-២០២៨ ក្នុងគោលបំណងដើម្បីលើកកម្ពស់សមភាពយេនឌ័រ ភាពអង់អាចរបស់ស្ត្រី និង ការរៀបចំថវិកាប្រកបដោយសមធម៌ និង បរិយាបន្ន ស្របតាមចក្ខុវិស័យក្រសួងឆ្នាំ ២០៣០ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើ ៦ យុទ្ធសាស្ត្រគន្លឹះ រួមមាន៖ ១). ពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ២). បង្កើនការចូលរួមផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រនានាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ៣). បង្កើនការទទួលបានសេវាសង្គម និងសេវាសាធារណៈ, ៤). បង្កើនការគាំទ្រការលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវីធីវគ្គបណ្តុះបណ្តាល គម្រោងរបស់ ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានា, ៥). បង្កើនការចូលរួមការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចគ្រប់កម្រិត, និង ៦). ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី គ្រួសារខ្មែរ និង ការងារសង្គម ។
ទី៤. ក្នុងបរិបទនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤, ការធ្វើសមាហរណកម្មយេនឌ័រទៅក្នុងដំណើរការរៀបចំផែនការ និង ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម (Gender-Responsive Budgeting) គឺជាឧបករណ៍យុទ្ធសាស្ត្រដ៏ចាំបាច់ ។ ការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ មិនត្រឹមតែជួយធានាថា ធនធានថវិកាសាធារណៈត្រូវបានបែងចែក និង ប្រើប្រាស់ចំគោលដៅ និង តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ទាំងបុរស និងស្ត្រីប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងរួមចំណែកបង្កើនប្រសិទ្ធភាព និង ផលិតភាពនៃសេវាសាធារណៈ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម និង ការបញ្រ្ជាបយេនឌ័រ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពី ការកសាង និង ការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ត្រូវបានធ្វើបច្ចុប្បន្នកម្ម ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការអនុវត្តការងាររបស់អង្គភាពថវិកា ស្របតាមស្មារតីច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន សំដៅធានាបាននូវការប្រើប្រាស់ធនធាន និង ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ៕