ជំនួបពិភាក្សាការងារ រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា
នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា ស្ដីពីការវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងបរិការណ៍នៃវិបត្តិ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ។
ក្នុងឱកាសនៃជំនួប លោកស្រីប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបពិភាក្សាការងារ និងជម្រាបជូនអំពីលទ្ធផលនៃការសិក្សា និងវិធានការគន្លឹះមួយចំនួន សម្រាប់ឆ្លើយតបបន្ទាន់ទៅសម្ពាធពីផលប៉ះពាល់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាបន្ថែមលើវិបត្តិដែលកម្ពុជាបានជួបប្រទះកន្លងមក។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោក ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានៅគ្រប់ដំណាក់កាល និងបានថ្លែងអំពីតួនាទីដ៏សំខាន់របស់ធនាគារពិភពលោក ដែលមិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ជាប្រពៃណីដ៏រឹងមាំរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាធនាគារចំណេះដឹង (Knowledge Bank) ដែលប្រមូលផ្ដុំទៅដោយចំណេះដឹង ជំនាញ និងបទពិសោធន៍យ៉ាងសម្បូរបែបលើគ្រប់វិស័យទៀតផង។ ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងវិបត្តិកន្លងមក, កម្ពុជាបានគិតគូរ និងដាក់ចេញនូវវិធានការដោះស្រាយជាបន្តបន្ទាប់ភ្លាមៗ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ ១៩ កន្លងមក, បញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ និងបន្តរហូតដល់សង្គ្រាមនៅមជ្ឈិមបូព៌ានាពេលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើជីវភាពប្រជាជន, សកម្មភាពអាជីវកម្ម និងធានាស្ថេរភាពសង្គម-សេដ្ឋកិច្ចកម្ពុជា។ ដោយឡែក, ចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ានាពេលនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរចំពោះនិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល, រាជរដ្ឋាភិបាលបានចាត់វិធានការបន្ទាន់រួមមាន ការចាត់បន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងឧស្ម័ន LPG ដែលបានធ្វើឱ្យ រាជរដ្ឋាភិបាលបាត់បង់ចំណូល ខណៈពេលដែលរាជរដ្ឋាភិបាលមានតម្រូវការប្រើប្រាស់ថវិកាបន្ថែម សម្រាប់គាំទ្រដល់ការងារគាំពារសង្គម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ផងដែរថា លទ្ធផលនៃការសិក្សារបស់ក្រុមអ្នកជំនាញនៃធនាគារពិភពលោកនាពេលនេះ គឺជាធាតុចូលដ៏មានសារៈសំខាន់ដែលគ្របដណ្ដប់ទាំងទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពហិរញ្ញប្បទាន សម្រាប់រាជរដ្ឋាភិបាលបានពិនិត្យ និងរៀបចំកញ្ចប់អន្តរាគមពិសេសជាក់ស្ដែងក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ ឱ្យកាន់តែចំគោលដៅ និងកាន់តែគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពប្រាកដនិយម សហថាមពល និងប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចធានារក្សាបាននូវកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងភាពធន់ សម្រាប់រយៈពេលមធ្យម និងវែង។
ជាមួយគ្នានេះ, លោកស្រីប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោកដោយសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំកញ្ចប់អន្តរាគមឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោក និងស្នើលោកស្រី ថាញ៉ា ម៉ៃយ័រ បន្តសហការ និងពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍នានា រួមទាំងភាគីពាក់ព័ន្ធ ដើម្បីពន្លឿនការរៀបចំកញ្ចប់អន្តរាគមពិសេសនេះឱ្យលេចចេញជារូបរាងឡើង ដើម្បីអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ។
ព័ត៌មានទាក់ទង