ជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Steven Pang Chee Wee នាឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ មកដល់បច្ចុប្បន្ន, កម្ពុជា-សិង្ហបុរី បាន និងកំពុងទទួលផលយ៉ាងគាប់ប្រសើរពីចំណងមិត្តភាព, ទំនាក់ទំនងដ៏ល្អ, កិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី, ក្របខណ្ឌអាស៊ាន និងអន្តរជាតិ ក្នុងនោះ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាវិស័យផ្សេងទៀត ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំកន្លងទៅ និងមាននិន្នាការកាន់តែប្រសើរក្នុងឆ្នាំ២០២៦ នេះបន្តទៀត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន កម្មវិធីអភិវឌ្ឍន៍ ក៏ដូចជា វិធានការបន្ទាន់ជាអាទិភាពនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញថ្មីៗនេះ ដើម្បីឆ្លើយតបទៅតម្រូវការចាំបាច់នៃភាពមិនប្រាកដប្រជាខ្ពស់នៃសកលលោក ដែលជះឥទ្ធិពលអវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃរបស់កម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត បានចូលជួបសម្តែងការគួរសម និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅភាពមិនប្រាកដប្រជាខ្ពស់នៃសកលលោក ដើម្បីធានាបាននូវស្ថិរភាពនយោបាយ លំនឹងជីវភាពប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ច ព្រមទាំងសម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន ក្នុងការបន្តទាក់ទាញការវិនិយោគ និងទេសចរណ៍ សម្រាប់ចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈ ការដាក់ចេញនូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ចំគោលដៅ និងប្រទាក់ក្រឡា ជាច្រើន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យាខិតខំរួមគ្នាបន្តសហការជិតស្និទ្ធ ពង្រឹងចំណងមិត្តភាពកម្ពុជា-សិង្ហបុរីឱ្យកាន់តែរឹងមាំ ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិស័យ ជាពិសេស ការវិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍, កិច្ចសហការរវាងរដ្ឋ និងរដ្ឋ និងឯកជន, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឡូជីស្ទិក, ស្បៀងអាហារ ស្រូវ-អង្ករ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារ ជាដើម ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។
ព័ត៌មានទាក់ទង