ជ្រើសរើសភាសា: Khmer Khmer English English
ជំនួបពិភាក្សាការងាររវាងអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយតំណាងកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្ដែងនូវការអបអរសាទរចំពោះលោក អេនរីកូ ហ្កាវេលីយ៉ា (Enrico Gaveglia) ដែលបានចូលកាន់តំណែងជាតំណាង UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ និងបានត្រឡប់មកបំពេញការងារជាថ្មីម្ដងទៀតនៅកម្ពុជា។ UNDP ជាដៃគូយុទ្ធសាស្រ្តសំខាន់មួយរបស់កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈការផ្ដល់ជំនួយបច្ចេកទេស និងការកសាងសមត្ថភាពស្ថាប័ន លើការរៀបចំក្របខ័ណ្ឌគោលនយោបាយ, ការសម្របសម្រួលការអនុវត្តគោលនយោបាយ, ការរៀបចំយន្តការតាមដាននិងត្រួតពិនិត្យ, និង ការងារកំណែទម្រង់ថ្មីៗដូចជា ការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន, ការអភិវឌ្ឍមូលបត្ររដ្ឋ, ការកៀរគរហិរញ្ញវត្ថុបៃតង, ការរៀបចំក្របខ័ណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិ, និងការគាំពារសង្គម ជាដើម។

លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ព្រមទាំងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP កន្លងមក និងបានគូសរំលេចថា, ក្រោមអាណត្តិបេសកកម្មថ្មីនេះ, UNDP នឹងផ្ដល់អាទិភាពលើកិច្ចការសំខាន់មួយចំនួន ដូចជា ការរៀបចំក្របខ័ណ្ឌហិរញ្ញប្បទានជាតិ ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development Goals) និងការសម្រេចនូវផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុរបស់កម្ពុជាដំណាក់កាលទី៣ (Cambodia’s Nationally Determined Contributions 3.0), ការជំរុញការកៀរគរហិរញ្ញប្បទាន ជាពិសេស ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ, ការគាំទ្រដល់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ, កិច្ចគាំពារសង្គមដើម្បីចាកចេញពីភាពក្រីក្រ (Graduation-Based Social Protection), ការវាយតម្លៃវិស័យសេដ្ឋកិច្ចឌីជីថល, និង Strategic Foresight Roadmap របស់ UNDP សម្រាប់កម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យ UNDP បន្តចូលរួមចំណែកគាំទ្រកម្ពុជាលើការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកៀរគរហិរញ្ញប្បទានបន្ថែមឆ្លើយតបនឹងតម្រូវការអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជា គាំទ្រកម្ពុជាក្នុងការរៀបចំយុទ្ធសាស្រ្តសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (Least Developed Countries) ផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ UNDP ជាមួយកម្ពុជា ព្រមទាំងបានជូនពរឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) និងសហការីបំពេញអាណត្តិបេសកកម្មនៅកម្ពុជាប្រកបដោយជោគជ័យ។


ព័ត៌មានទាក់ទង