ជំនួបសម្ដែងការគួរសមរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយលោក បាហ្គាវ ដាសគ្គូបតា (Bhargav Dasgupta) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
នាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក បាហ្គាវ ដាសគ្គូបតា (Bhargav Dasgupta) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបន្ទុកផ្នែកដំណោះស្រាយទីផ្សារក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី នៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
ជាមួយនឹងកិច្ចស្វាគមន៍, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សំខាន់របស់ ADB ក្នុងការចាប់ផ្ដើមប្រតិបត្តិការមុនគេក្នុងចំណោមបណ្ដាលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាក្នុងតំបន់ និងសកលលោក សម្រាប់ការគាំទ្រដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង ADB រយៈពេលជាង ៣០ឆ្នាំ មកនេះ បានវិវឌ្ឍឈានឡើងជាបន្តបន្ទាប់រហូតបង្កើតបានក្របខ័ណ្ឌ “យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា” ដ៏មានសារសំខាន់ដែលផ្ដល់ការគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗជាច្រើនរបស់កម្ពុជា សំដៅជំរុញកំណើនប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។ ក្នុងចំណោមវិស័យអាទិភាពដែល ADB បាននិងកំពុងផ្ដល់ការគាំទ្រដល់ការពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs), វិស័យហិរញ្ញវត្ថុ, ហិរញ្ញប្បទានពាណិជ្ជកម្ម, កសិធុរកិច្ច និងការអភិវឌ្ឍភាពជាដៃគូររវាងរដ្ឋ និងឯកជន (PPP) ជាដើម។ បន្ថែមលើនេះ, “ការគាំទ្រវិស័យឯកជន” ត្រូវបានតម្កល់ជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសង្គម ស្របតាម “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល។ តាមរយៈភាពជាដៃគូដ៏ល្អនេះ, ADB នឹងបន្តផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បូកម្ពុជាអាចសម្រេចបានជោគជ័យនូវការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅពេលខាងមុខ។
លោក បាហ្គារ ដាសគ្គូបតា បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងបានគូសរំលេចថា វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលមានសង្គតិភាពទៅនឹងគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ ADB គឺការអភិវឌ្ឍវិស័យឯកជន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ លោកបានបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់ ADB ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីពិពិធកម្មសេដ្ឋកិច្ចកម្ពុជា សំដៅឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់។ ជាក់ស្ដែង, ADB បានផ្ដល់ការគាំទ្រវិស័យឯកជនកម្ពុជាដោយផ្ទាល់ទាំងជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការផ្ដល់ហិរញ្ញប្បទានសម្រាប់ SMEs កម្ពុជាដោយផ្ទាល់ ក្រោមកម្មវិធី ADB Frontier ដែលជាកម្មវិធីផ្ដល់ហិរញ្ញប្បទានជាដើមទុនសាកល្បងដំបូងសម្រាប់គាំទ្រ SMEs ហើយកម្ពុជាជាប្រទេសដែល ADB ជ្រើសរើសក្នុងការផ្ដល់ទុនសាកល្បងដំបូងគេក្នុងចំណោមប្រទេសក្នុងតំបន់។ ការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា ដោយផ្ដោតលើកំណែទម្រង់ ០៣ គឺ៖ (១) ការបង្កើនបរិយាកាសអំណោយផលសម្រាប់វិនិយោគទុន និងអាជីវកម្ម, (២) ការលើកកម្ពស់ពាណិជ្ជកម្មមីក្រូ, ខ្នាតតូច, និងខ្នាតមធ្យម និង (៣) ការកែលម្អគោលនយោបាយពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលពាណិជ្ជកម្ម។ ការផ្ដល់ហិរញ្ញប្បទានសម្រាប់ការគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន តាមរយៈការផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់ទាប និងក្នុងលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពការងារផ្សេងៗរបស់ SMEs សំដៅចូលរួមចំណែកដល់ការគ្រប់គ្រងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍភាពជាដៃគូរវាងរដ្ឋ និងឯកជន ផងដែរ។
ជាមួយគ្នានេះ, ជាមួយការថ្លែងអំណរគុណចំពោះ ADB សម្រាប់ការគាំទ្ររបៀបវារៈនៃការអភិវឌ្ឍជារួមរបស់រាជរដ្ឋាភិបាល និងបានវាយតម្លៃខ្ពស់លើការចូលរួមរបស់ ADB ក្នុងការគាំទ្រវិស័យឯកជន ក្នុងនោះ ការរៀបចំយន្តការ PPP និងការផ្ដល់ជំនួយបច្ចេកទេសសម្រាប់ការរៀបចំច្បាប់ PPP, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យ ADB បន្តផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការពង្រឹងយន្តការ PPP ឱ្យកាន់តែមានភាពទាក់ទាញថែមទៀត។ ជាក់ស្ដែង, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្នើ ADB បន្តគាំទ្រការពង្រឹងវិស័យឯកជនកម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទានក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន (Non-Sovereign Loan) និងគិតគូរបន្ថែមលើ៖ (១) គោលនយោបាយ និងយុទ្ធសាស្រ្តសម្រាប់ការពង្រឹងនគរូបនីយកម្ម, (២) ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាវិស័យគន្លឹះលើការជំរុញការអភិវឌ្ឍវិស័យឯកជន, ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គមជាមួយ, (៣) កំណែទម្រង់គោលនយោបាយគាំទ្រការអភិវឌ្ឍ និងបង្កើនបិរយាកាសអំណោយផលដល់វិស័យឯកជន និងពាណិជ្ជកម្ម, និង (៤) ការគាំទ្រផ្នែកជំនាញ, បច្ចេកវិទ្យា និងការកៀរគរធនធានបន្ថែម សម្រាប់ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង SMEs កម្ពុជា ដើម្បីអាចរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង បានជូនពរលោក បាហ្គាវ ដាសគ្គូបតា និងសហការីទទួលបាន នូវលទ្ធផលផ្លែផ្កាក្នុងដំណើរទស្សកិច្ចនៅកម្ពុជា។
ព័ត៌មានទាក់ទង