ជំនួបសវនាការរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក
នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Carlos Felipe Jaramillo, អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការី ក្នុងដំណើរបេសកកម្មរបស់ឯកឧត្តមនៅប្រទេសកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលធនាគារពិភពលោកតែងតែគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចសកល, ការផ្លាស់ប្ដូរគោលនយោបាយពាណិជ្ជកម្ម, ផលប៉ះពាល់ពីភាពតានតឹងភូមិសាស្រ្តនយោបាយ, សង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ, និងការកើនឡើងតម្លៃប្រេងដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបង្កជាផលប៉ះពាល់ទៅលើសេដ្ឋកិច្ចកម្ពុជា ដែលជាប្រទេសមានសេដ្ឋកិច្ចតូច បើកចំហ និងផ្សារភ្ជាប់ខ្លាំងជាមួយខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានលើកអំពីបញ្ហាក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ និងសកម្មភាពសេដ្ឋកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជានេះផងដែរ។
ឯកឧត្តម Carlos Felipe Jaramillo បានជម្រាបជូនអំពីការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជាដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោកឆ្នាំ២០២៥-២០២៩ (Country Partnership Framework – CPF 2025-2029) ដែលផ្ដោតលើ៖ ១. ការអភិវឌ្ឍមូលធនមនុស្ស, ២. ការពង្រីកភាពប្រកួតប្រជែងសម្រាប់ការងារល្អប្រសើរ និង៣. ការពង្រឹងភាពធន់សម្រាប់ប្រជាជនងាយរងគ្រោះ។ “ឯកសារ CPF 2025-2029” ត្រូវបានអនុម័តជាផ្លូវការពីក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិនៃធនាគារពិភពលោក ក្រោមកិច្ចសហការរៀបចំយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ព្រមទាំងបណ្ដាភាគីពាក់ព័ន្ធដទៃទៀត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងតម្រូវការជាអាទិភាពរបស់កម្ពុជា។ បន្ថែមលើនេះ, ឯកឧត្តម ក៏បានជម្រាបអំពីក្របខ័ណ្ឌកញ្ចប់ថវិកា “International Development Association (IDA21)” ដោយធនាគារពិភពលោក នឹងបន្តការជួយគាំទ្រកម្ពុជាតាមរយៈការខិតខំប្រឹងប្រែងរក្សាទំហំហិរញ្ញប្បទានដែលមាន និងកៀរគរហិរញ្ញប្បទានពីប្រភពផ្សេងៗបន្ថែមទៀត។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរអំពីទិសដៅការងារក្នុងវិស័យអាទិភាពមានជាអាទិ៍៖ វិស័យអភិវឌ្ឍន៍ជំនាញ និងអប់រំ, វិស័យដឹកជញ្ជូន, និងវិស័យអាទិភាពផ្សេងៗទៀតដែលធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ចព្រមទាំងដើម្បីអាចទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងបន្ថែមពីតម្រូវការចាំបាច់ក្នុងការចាត់វិធានការឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព តាមរយៈការបណ្ដុះបណ្ដាលជំនាញ ក៏ដូចជាធនធានហិរញ្ញវត្ថុសមស្រប (Access to finance) គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ, បង្កើតសហគ្រាសក្នុងមូលដ្ឋាន ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចបង្កើតការងារ និងមុខរបរអាជីវកម្មដោយខ្លួនឯង ដើម្បីស្រូបយកកម្លាំងពលកម្មយុវជន និងកម្លាំងពលកម្មដែលវិលត្រឡប់មកវិញពីប្រទេសថៃ។
ឯកឧត្តម Carlos Felipe Jaramillo បានសម្ដែងនូវការគាំទ្រចំពោះការដាក់ចេញនូវវិធានការទាំងនេះ និងបានគូសបញ្ជាក់ថា ធនាគារពិភពលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការ កាផ្ដល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធអន្តរជាតិ ដើម្បីគាំទ្រកម្ពុជាក្នុងការកែលម្អគោលនយោបាយ និងសមត្ថភាពស្ថាប័ន និងគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍលើរាល់ការដ្ឋានការងារអាទិភាពដែលជាកត្តាចាំបាច់សម្រាប់ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្រ្តរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការបង្កើតការងារ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអនុវត្តគម្រោង និងវិធានការអាទិភាពឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព និងបានជូនពរឯកឧត្តមអនុប្រធានធនាគារពិភពលោក និងសហការី ឱ្យទទួលបានជោគជ័យថ្មីជាបន្តបន្ទាប់ទៀត។
ព័ត៌មានទាក់ទង