ជ្រើសរើសភាសា: Khmer Khmer English English
បេក្ខសមណសិស្ស សិស្សជាង៦០០អង្គនៅខេត្តត្បូងឃ្មុំ ប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ ២០២៥

សមណសិស្ស/សិស្ស ជាង ៦៣២អង្គ/នាក់ នៅខេត្តត្បូងឃ្មុំ បានចូលរួមប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាំសិក្សា ២០២៤-២០២៥ ខេត្តត្បូងឃ្មុំ ដែលបានធ្វើឡើង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដោយបានធ្វើពិធីបើកវិញ្ញាសាប្រឡង តាមមណ្ឌលប្រឡង ចំនួន ៣ រួមមាន ៖ មណ្ឌលពញាក្រែក មណ្ឌលអូររាំងឪ និងមណ្ឌលត្បូងឃ្មុំ ។
ចំពោះមណ្ឌលពញាក្រែក ពិធីកាត់ស្រោមវិញ្ញាសាប្រឡង វិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ធ្វើឡើងនៅសាលាអនុវិទ្យាល័យត្រពាំងផ្លុង ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ក្រោមព្រះអធិបតីភាព និងអធិបតីភាព ព្រះវិន័យសត្ថា តេង ហែ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះវិញ្ញូវេទីបាឡាត់គណខេត្តត្បូងឃ្មុំ លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកស្រី លី ស៊ីថុល អភិបាលរងស្រុក តំណាងលោក លី សុភាលីន អភិបាល នៃគណអភិបាលស្រុកពញាក្រែក និងប្រតិភូ សាលាពុទ្ធិកសិក្សា នៃក្រសួងធម្មការ និងសាសនា ព្រមទាំងព្រះមន្រ្តីសង្ឃខេត្ត ស្រុក និងគណៈកម្មការរៀបចំការប្រឡង នៃមន្ទីរធម្មការ និងសាសនាខេត្ត ជាច្រើនអង្គ/នាក់។
សូមជម្រាបជូនថា ៖ ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅខេត្តត្បូងឃ្មុំ មានបេក្ខសមណសិស្ស/សិស្ស ចូលរួមប្រឡង ប្រមាណ ជាង ៦៣២អង្គ/នាក់ មាន ៣ មណ្ឌល រួមមាន ៖
១-មណ្ឌលពញាក្រែក ៖ នៅសាលាបឋមសិក្សាត្រពាំងផ្លុង ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានបេក្ខសមណ:/បេក្ខជន ចូលរួមប្រឡង ចំនួន ២៥០អង្គ/នាក់
២-មណ្ឌលអូររាំងឪ ៖ នៅសាលាបឋមសិក្សាដំរិល ស្ថិតនៅភូមិដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានបេក្ខសមណសិស្ស/សិស្ស ចូលរួមប្រឡង ចំនួន ១៨៧អង្គ/នាក់
៣- មណ្ឌលត្បូងឃ្មុំ ៖ នៅសាលាពុទ្ធិកបឋមសិក្សាបុញ្ញក្ខេត្តារាម ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានបេក្ខសមណសិស្ស/សិស្ស ចូលរួមប្រឡង ចំនួន ១៩៥អង្គ/នាក់ ។

ព័ត៌មានទាក់ទង