ជ្រើសរើសភាសា: Khmer Khmer English English
ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាង រាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមិថុនា ឆ្នាំ ២០២៦

    នាព្រឹក ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយទទួលបានការប្រគល់សិទ្ធិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ លោក SANUI Kazuma, ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា (Chief Representative of JICA Cambodia Office) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ០២ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២៥ ៤២៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៧១,៣ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងដូចខាងក្រោម៖


១. កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់ “គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម (Establishment of the Teacher Education College in Kampong Cham Province)” មានទឹកប្រាក់ចំនួន ១ ១៨៩ លានយ៉េនជប៉ុន (ត្រូវជាប្រមាណ ៧,៥ លានដុល្លារអាមេរិក) ។ គម្រោងនេះ មានគោលបំណងលើកកម្ពស់សមត្ថភាពរបស់គ្រូបង្រៀនដែលបានទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យ នៅក្នុងខេត្តកំពង់ចាម តាមរយៈការផ្តល់សម្ភារៈបរិក្ខារ និងឧបករណ៍អប់រំចាំបាច់នានា និងដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្រិតគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនដែលមានស្រាប់ទៅជាវិទ្យាស្ថានគរុកោសល្យ ដោយធ្វើការសាងសង់អគារថ្មីចំនួន ០២ខ្នង រួមមាន អគារស្ទែម (STEM) សម្រាប់ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងអគារសាលប្រជុំ រួមទាំងការបំពាក់ធនធានសំខាន់ៗនៅក្នុងអគារថ្មី និងនៅក្នុងអគារដែលមានស្រាប់ ។


២.កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់ “គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគ និរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣) [Southwest Phnom Penh Irrigation and Drainage Rehabilitation and Improvement Project (III)]” មានទឹកប្រាក់ចំនួន ២៤ ២៣៧ លានយ៉េនជប៉ុន (ត្រូវជាប្រមាណ ១៦៣,៨ លានដុល្លារអាមេរិក) ។ គម្រោងនេះ មានគោលបំណងបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការខូចខាតដោយសារទឹកជំនន់នៅតាមតំបន់ជនបទ និងតំបន់ដែលខ្វះខាត តាមរយៈការកែលម្អ និង ស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រដែលមានអនុគម្រោងចំនួន ២ រួមមាន អនុគម្រោងរលាំងជ្រៃ និងអនុគម្រោង កណ្ដាលស្ទឹង-បាទី ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, និងខេត្តកណ្តាល ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅផងដែរ ។


    ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ។ ជប៉ុន គឺជាដៃគូអភិវឌ្ឍន៍សំខាន់ក្នុងចំណោមដៃគូអភិវឌ្ឍន៍ធំៗរបស់កម្ពុជា បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងពី “ភាពជាដៃគូយុទ្ធសាស្ត្រ” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣ ។ តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន, គម្រោងសហប្រតិបត្តិការអាទិភាពថ្មីៗជាច្រើនទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងសិក្សា ក៏ដូចជា ដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ។


    ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងព្រះរាជាណាចក្រកម្ពុជា, រដ្ឋាភិបាលជប៉ុន, តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), នឹងបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងជាមួយរាជរដ្ឋាភិបាល និងគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ឥណទានសម្បទាន និងជំនួយបច្ចេកទេស ។


ព័ត៌មានទាក់ទង