ជ្រើសរើសភាសា: Khmer Khmer English English
ពិធីបើកវេទិកាជាតិគណនេយ្យក្រោមប្រធានបទ៖ សុខដុមនីយកម្មបទប្បញ្ញត្តិ «ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល»
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែកញ្ញា ឆ្នាំ ២០២៥

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥, នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៌កោះពេជ្រ ,លោកគីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាជាតិគណនេយ្យក្រោមប្រធានបទ៖ សុខដុមនីយកម្មបទប្បញ្ញត្តិ «ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល» ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

       យោងតាមការថ្លែងសន្ទរកថារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ,គោលបំណងនៃការប្រារព្ធវេទិការជាតិគណនេយ្យក្រោមប្រធានបទ៖សុខដុមនីយកម្មបទប្បញ្ញត្តិ"ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល"នាថ្ងៃនេះ គឺជាការបង្ហាញពីឆន្ទៈមោះមុត របស់កម្ពុជា ក្នុងការលើកស្ទួយស្តង់ដារបាយការណ៍ ព័ត៌មានចីរភាព និង របាយការណ៍ហិរញ្ញវត្ថុឌីជីថល ដូចមានចែងក្នុង យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី ១, ជាពិសេស បញ្ចកោណទី ៤ ស្តីពី ការអភិវឌ្ឍប្រកប ដោយភាពធន់, ចីរភាព, និង បរិយាបន្ន, និង បញ្ចកោណទី ៥ ស្តីពី ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល ។ ច្បាស់ណាស់ថា ទិវានេះ គឺជាឱកាសដ៏ពិសិដ្ឋ ក្នុងវិស័យគណនេយ្យ និង សវនកម្ម ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីចែករំលែកនូវព័ត៌មាន ដែល ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ ពាក់ព័ន្ធនឹងវឌ្ឍនភាពថ្មីៗ ក្នុងវិស័យគណនេយ្យ និង សវនកម្ម, ទាំងក្នុងក្របខណ្ឌជាតិ, តំបន់, និង សកលលោក, ព្រមទាំង ដើម្បីផ្តល់ឱកាសដល់ អ្នកចូលរួម អាចពិភាក្សា, ផ្លាស់ប្តូរមតិយោបល់នានា, និង លើកឡើងនូវចក្ខុវិស័យជាយុទ្ធ-សាស្ត្ររួម សំដៅជំរុញចលនការនៃវិស័យគណនេយ្យ និង សវនកម្ម នៅកម្ពុជា ឲ្យមាន សន្ទុះកាន់តែខ្លាំងឡើងបន្ថែមទៀត ។ លើសពីនេះទៀត, វេទិកានេះ ក៏ជាការបញ្ជាក់អំពីការ-ផ្លាស់ប្តូរជាសារវន្តនៃស្តង់ដា ក្នុងការរាយការណ៍ព័ត៌មានចីរភាព និង របាយការណ៍ហិរញ្ញវត្ថុ ឌីជីថល សំដៅចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ, និង ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ, ដែលជាគោលការណ៍ស្នូល នៃគោលនយោបាយអភិវឌ្ឍន៍បច្ចេក-វិទ្យាហិរញ្ញវត្ថុកម្ពុជា ។ ក្នុងន័យនេះ, ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះ សម្តែងនូវការកោត-សរសើរ និង ការវាយតម្លៃខ្ពស់ ចំពោះនិយ័តករគណនេយ្យ និង សវនកម្ម នៃអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ, ដោយមានកិច្ចសហការជិតស្និទ្ធ ពីសំណាក់ដៃគូច្រើនផ្សេងទៀត, ដែលបានសហការរៀបចំទិវាជាតិ ដ៏មានសារៈសំខាន់នេះឡើង ប្រកបដោយភាពអធិកអធម នាថ្ងៃនេះ ។

     ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្តែងនូវការកោតសរសើរចំពោះនិយ័តករ គណនេយ្យ និងសវនកម្មនៃអាជ្ញាធរសេវវាហិរញ្ញវត្ថុមិនមែនធនាគារ ,វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ,និងសមាគមគនេយ្យជំនាញ ACCA ព្រមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានយកចិត្តទុកដាក់ខិតខំលើកស្ទួយអនុលោមភាព និងជំរុញអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ឲ្យមានការរីកចម្រើនគួរអោយកត់សម្គាល់រហូតដល់បច្ចុប្បន្ន។

ទាញយកខ្លឹមសារសន្ទរកថា របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងស្រុងខាងក្រោម៖






ព័ត៌មានទាក់ទង