គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រមុខរាជរដ្ឋាភិបាលអនុម័តដាក់ឱ្យប្រើប្រាស់តាមរយៈអនុក្រឹត្យលេខ២៦ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ គោលការណ៍ណែនាំរួមនេះ គឺជាឯកសារគោលរបស់រាជរដ្ឋាភិបាល ដែលចង្អុលបង្ហាញណែនាំដល់គ្រប់ក្រសួង (រួមទាំង ក.ស.ហ.វ.) ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីគោលការណ៍ច្បាប់, លិខិតបទដ្ឋានគតិយុត្ត, វិធាន, យន្តការ, និងនីតិវិធីរួម សំដៅធានាសង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្តគោលការណ៍គន្លឹះៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវអនុលោមជាគោលទៅនឹងវដ្ដនៃថវិកា។
នាថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល (ក.គ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMM)។
សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅដល់គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណរដ្ឋបាល សហគ្រាសសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ដោយមានអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Online ប្រមាណ៥០០រូប។