សិក្ខាសាលា បានប្រព្រឹត្តទៅដោយមានការចូលរួមជាវាគ្មិនកិត្តិយសតំណាងក្រសួងមុខងារសាធារណៈ ដើម្បីពិភាក្សាលើប្រធានបទ "ការផ្សារភ្ជាប់ការអនុវត្តការងារក្នុងក្របខណ្ឌកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយនឹងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា" ក្រោមការដឹកនាំដោយឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមជាមួយការចូលរួមពី ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ឈាង ដាមី អគ្គលេខាធិការរង និងវាគ្មិនកិត្តិយសតំណាងក្រសួងមុខងារសាធារណៈរួមមាន លោក ស៊្រាង ផានិត និងលោក លន គឹមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ព្រមទាំងលោក ប៊ិន កក្កដា ប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
បន្ទាប់ពីបទបង្ហាញរបស់ លោក អៀង គឹមលីន លើប្រធានបទខាងលើ ក៏មានការបើកវេទិការពិភាក្សា និងសំនួរ-ចម្លើយ និងបានដោះស្រាយលើរាល់ចម្ងល់ និងមតិយោបល់ដែលសមាជិកអង្គសិក្ខាសាលាបានលើកឡើង ក្នុងន័យដោះស្រាយបញ្ហា និងពិគ្រោះយោបល់លើការរៀបចំប្រព័ន្ធការងារក្នុងក្របខណ្ឌកែទម្រង់ថ្មីបន្ថែមទៀត។
សិក្ខាសាលាខាងលើ បានបិទបញ្ចប់ដោយជោគជ័យក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។