ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាស្តីពី ការជំរុញការប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុក
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១០ ខែកក្កដា ឆ្នាំ ២០២៥

    នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែ អាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៥ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ, លោក​ ជិន សុខនៅ  ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ តំណាងអោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានចូលរួម សិក្ខាសាលាស្តីពីការជំរុញការប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត សួង ម៉េងគា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

    ក្នុងសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសមាគមសហគ្រាស ក្រុមហ៊ុនឯកជន ដែលពាក់ព័ន្ធនឹងវិស័យថ្មអារ សរុបប្រមាណ ៣៦០ រូប។

    កម្មវិធីសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចម្បង ជំរុញការប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ដែលជាធនធានធម្មជាតិដ៏មានតម្លៃ របស់កម្ពុជា ស្របតាមសេចក្តីណែនាំលេខ ០០៦ សហវ.សណន ចុះថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការចូលរួមប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ក្នុងគ្រប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានសំណង់នានា ដែលប្រើប្រាស់ថវិការដ្ ជូនដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។សិក្ខាសាលានេះក៏ជាវេទិកាជំនួបរវាងរដ្ឋ និងឯកជន ដែលមានក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ជាមួយនឹងសមាគមថ្មអារកម្ពុជា, សមាគមអ្នកសាងសង់កម្ពុជា, ក្រុមហ៊ុនឯកជន, សហគ្រាសពាណិជ្ជកម្ម និងម្ចាស់អាជីវកម្ម ដែលផ្គត់ផ្គង់ថ្មអារក្នុងស្រុក ដើម្បីកសាងទំនាក់ទំនង និងបានយល់ដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះវិស័យថ្មអារ អំពីស្ថានភាពអាជីវកម្មថ្មអារ យថាប្រភេទថ្មអារ សោភ័ណភាព និងគុណភាពថ្មអាររបស់កម្ពុជា ព្រមទាំងគុណប្រយោជន៍ នៃការចូលរួមប្រើប្រាស់ថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព។

    ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ វិធានការសំខាន់ៗ និងដំណោះស្រាយបញ្ហាប្រឈម ជាបន្តបន្ទាប់ដូចជា៖
        (១) ការកែសម្រួលអត្រាអាករនាំចេញលើមុខសញ្ញាទំនិញថ្មធម្មជាតិ,
        (២) ការសម្របសម្រួលការផ្តល់សេវា សាធារណៈ នីតិវិធីសម្រាប់ការធ្វើអាជីវកម្ម និងការនាំចេញថ្មអារ ជូនដល់ វិនិយោគិន ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស,
        (៣) ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដ្ឋានរ៉ែ ដូចជា ការដំឡើងអង់តែនទូរស័ព្ទ និងសេវាអ៊ិនធើណិត នៅតាមបណ្ដាការដ្ឋានរ៉ែឆ្ងាយដាច់ស្រយាល,
        (៤) ការដាក់ចេញនូវវិធានការបញ្ចៀសនូវរាល់ការធ្វើអាជីវកម្មខុសច្បាប់ របស់ក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណ ការគេចវេះពន្ធគយពីការនាំចេញថ្មអារ និងការប្រកួតប្រជែងមិនស្មោះត្រង់,
        (៥) ការកាត់បន្ថយនីតិវិធីត្រួតពិនិត្យការនាំចេញផលិតផលថ្មអារ ដោយអនុញ្ញាតឱ្យមន្ត្រីគយ ត្រួតពិនិត្យមិនលើសពី ៥% នៃបរិមាណទំនិញនាំចេញមួយលើកៗ រីឯទំនិញ ៩៥% ទៀត ដែលមិនជាប់កាតព្វកិច្ចត្រួតពិនិត្យ ត្រូវសម្រួលនីតិវិធីឱ្យនាំចេញបានឆាប់រហ័ស,
        (៦) ក្រសួងរ៉ែនិងថាមពល និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្កើតខ្សែទូរស័ព្ទ Hot Line ដើម្បីទទួល និងដោះស្រាយបញ្ហានានា ជាយថាហេតុ,
        (៧) ក្រសួង ពាណិជ្ជកម្ម ត្រូវសម្រួលនីតិវិធីក្នុងការផ្ដល់វិញ្ញាបនបត្របញ្ជាក់ប្រភពទំនិញមកត្រឹម ២ថ្ងៃ នៃថ្ងៃធ្វើការ។



ព័ត៌មានទាក់ទង