នាព្រឹកថៃ្ងព្រហស្បតិ៍ ១៥ កើត ខែ ផល្គុន ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨, ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបើកនៃកិច្ចប្រជុំ “ត្រួតពិនិត្យប្រចាំឆ្នាំ ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីគ្រប់ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍ, តំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ ៥០០ នាក់ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្នុងបរិការណ៍ ដែលសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ និងការប្រែប្រួលប្រជាចាំ, ទស្សនវិជ្ជា កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់» របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ក្នុងស្មារតី ធ្វើបណ្ដើរ, រៀនបណ្ដើរ, និង កែលម្អបណ្ដើរ» នៅតែត្រឹមត្រូវ ដែលត្រូវបន្តអនុវត្តជាប្រចាំ ។ ស្របតាមស្មារតីនេះ, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, បន្តចាត់ទុកការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាអាទិភាពខ្ពស់ ព្រមទាំងបាននិងកំពុងខិតខំបន្តធ្វើបរិវត្តកម្មប្រព័ន្ធថវិកាបន្ថែមទៀត ឆ្ពោះទៅអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម » ឲ្យបានពេញលេញ និងសាបព្រោះវប្បធម៌សមិទ្ធកម្ម» នៅក្នុងក្របខ័ណ្ឌអភិបាលកិច្ច នៃរាជរដ្ឋាភិបាលទាំងមូល សំដៅកែប្រែវប្បធម៌ការងារសាធារណៈ ជាបណ្តើរៗ ដោយផ្តោតលើសមិទ្ធផលជាចម្បង ពោលគឺ ប្រព័ន្ធនេះ តម្រូវឲ្យស្ថាប័នសាធារណៈ បំពេញការងារ ដើម្បីសម្រេចបានសមិទ្ធផល ស្របតាមគោលបំណងគោលនយោបាយ និងបេសកកម្ម ដែលរាជរដ្ឋាភិបាលបំពាក់ជូន ។ ក្នុងន័យនេះ, វប្បធម៌សមិទ្ធកម្ម ក្នុងរយៈពេល ២៥ ឆ្នាំទៅមុខ នឹងក្លាយជា ឧបករណ៍ដ៏ចាំបាច់ ក្នុងការសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០» ហើយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាតម្រូវការដ៏ចាំបាច់, ម្ខាង, សម្រាប់បរិការណ៍សកលខាងក្រៅ ដែលប្រែប្រួលជាប្រចាំ និង ម្ខាងទៀត, សម្រាប់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពធន់ ដើម្បីឈានទៅ សម្រេចបាន នូវមហិច្ឆតាផ្ទាល់របស់កម្ពុជា ។
ទន្ទឹមនឹងនេះ តំណាងដៃគូអភិវឌ្ឍ ក៏បានអបអរសាទរចំពោះសមិទ្ធផល របស់រាជរដ្ឋាភិបាល ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្តេជ្ញាបន្តផ្ដល់ការគាំទ្រប្រកបដោយស្មារតីសហប្រតិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍ ដើម្បីសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់អំពីវឌ្ឍនភាព គន្លឹះមួយចំនួន និងបានវាយតម្លៃជារួមថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ, មានភាពជាក់ស្ដែងនិយម និង អាចសម្រេចបាន ស្របតាមស្ដង់ដាអន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព, តម្លាភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និង ភាពធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃតំបន់ និងសកលលោក ។ បន្ថែមពីនេះ ដោយការងារកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឈានដល់ដំណាក់កាលដែលត្រូវអនុវត្ត “ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម» ក្នុងឆ្នាំខាងមុខ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំ លើទិសដៅការងារសំខាន់ៗមួយចំនួន រួមមាន៖ ១) ការបំពេញលក្ខខណ្ឌអប្បបរមា ដែលជាមូលដ្ឋានសម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម; ២) ការពង្រឹងយន្តការគៀរករចំណូល ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងការគ្រប់គ្រងបំណុលសាធារណៈ ឱ្យមានចីរភាព; ៣) ការបន្តបង្កើនចំនួនអង្គភាពថវិកាសមស្រប និង ការបន្តធ្វើស្វ័យប្រវត្តិកម្ម នៃ FMIS; ៤) ការបន្តកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ; ៥) ការពង្រឹងនូវការគ្រប់គ្រងការវិនិយោគសាធារណៈ; ៦) ការបន្តកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ; ៧) ការពង្រឹង និង ការកែលម្អការគ្រប់គ្រង និង អភិបាលកិច្ចសាជីវកម្មនៃសហគ្រាសសាធារណៈ; ៨) ការបន្តលើកកម្ពស់ភាពប្រទាក់ក្រឡា ក្នុងចំណោមការដ្ឋានកែទម្រង់គន្លឹះៗ របស់រាជរដ្ឋាភិបាល; ៩) ការបន្តលើកស្ទួយតម្លាភាព; ១០) ការពិនិត្យលទ្ធភាព ក្នុងការបញ្ជ្រាបការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបៃតង ក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ; និង ១១) ការបន្តជំរុញការអនុវត្ត និង ការដាក់ចេញ នូវវិធានការកែតម្រូវចំពោះការងារអាទិភាព ដែលមានវឌ្ឍនភាពយឺត ដូចត្រូវបានកំណត់ក្នុងផែនការសកម្មភាពរួមដំណាក់កាលទី៤ និង ផែនការសកម្មភាពលម្អិតរបស់អង្គភាព និងស្ថាប័នសាមី។
មុននឹងបញ្ចប់, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងផ្តល់មូលវិចារដ៏ថ្លៃថ្លាចំពោះសហការី នៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី- ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដែលបានខិតខំជំរុញអនុវត្តសកម្មភាព ទាំងឡាយនៅក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតសម្រេចបានលទ្ធផលល្អ គួរឲ្យកត់សម្គាល់។ បន្ថែមពីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏ បានថ្លែងអំណរគុណដល់សហគមន៍អឺរ៉ុប, ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្តរជាតិ, យូនីសេហ្វ, រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ, រដ្ឋាភិបាលអូស្ត្រាលី, និងស្ថាប័នអន្តរជាតិផ្សេងទៀត ដែលបាននិងកំពុងបន្តផ្តល់ជំនួយ, ទាំងហិរញ្ញវត្ថុ និង បច្ចេកទេស, ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំង ៣ ដំណាក់កាលកន្លងទៅ និង ក្នុងដំណាក់កាលទី ៤ នេះ ៕
ត្បូងឃ្មុំ៖ នាថ្ងៃទី ១៧,១៨,២០ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រេីប្រាស់ប្រពន្ធ័បច្ចេកវិទ្យាព័ត៌មានគ្រប់គ្រប់គ្រងទិន្នន័យបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី(SARMIS V.2) ជូនមន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ ដើម្បីបញ្ជ្រាបចំណេះដឹងដល់មន្ត្រីទទួលបន្ទុក ក្នុងការអនុវត្តការងារអោយកាន់មានប្រសិទ្ធភាព។
បទបង្ហាញខាងក្រោមនេះ៖
នាព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំ និងកែសម្រួលសេចក្តីព្រាង "ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា" ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
"ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា" ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣” និងជាផែនទីបង្ហាញផ្លូវ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។ “ក្របខណ្ឌ” នេះ មានគោលបំណងពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិកសំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល ។
ដើម្បីសម្រេចគោលបំណងខាងលើ ក្របខណ្ឌនេះបានដាក់ចេញនូវអភិក្រម ដូចខាងក្រោម៖
១. ការកំណត់កំពង់ផែយុទ្ធសាស្រ្តរបស់រដ្ឋ,
២.
ការកំណត់សសរស្តម្ភចំនួន ៥ រួមមាន៖ ការពង្រឹងក្របខណ្ឌគតិយុត្ត,
ការពង្រឹងយន្តការស្ថាប័ន, ការកំណត់អាទិភាពលើយុទ្ធសាស្រ្តវិនិយោគ,
ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌែលអភិវឌ្ឍ និងការអនុវត្តបញ្ជីគម្រោង ។
ទន្ទឹមនេះ, ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងរៀបចំសណ្តាប់ធ្នាប់អាជីវកម្មកំពង់ផែទន្លេ, “ក្របខណ្ឌ” នេះ ក៏បានកំណត់វិធានការចំពោះមុខ និងវិធានការរយៈពេលមធ្យម និងវែង និងផែនការសកម្មភាពជូនក្រសួង-ស្ថាប័នជំនាញផងដែរ ។
ជាលទ្ធផល, អង្គប្រជុំ បានពិភាក្សាលើចំណុចគន្លឹះមួយចំនួន និងបានស្នើឱ្យក្រុមការងារពិនិត្យបន្ថែមលើការប្រើប្រាស់ពាក្យពេជន៍ក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព និងមានភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្ដីព្រាងឯកសារ "ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា" នេះ ។
ជាចុងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួម និងកិច្ចសហការក្នុងការផ្តល់យោបល់កែលម្អជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការអន្តរក្រសួងដើម្បីរៀបចំក្របខណ្ឌអភិវឌ្ឍន៍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទន្លេជាមួយផ្លូវសមុទ្រ ដែលបានខិតខំដឹកនាំធ្វើការសិក្សាបន្ថែម និងកែសម្រួលស្របតាមមតិយោបល់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនាពេលកន្លងមកធ្វើឱ្យសេចក្តីព្រាងនៃឯកសារ “ក្របខណ្ឌ” នេះកាន់តែមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តនាពេលឆាប់ៗខាងមុខនេះ ៕
នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥, នៅសណ្ឋាគារ Sun & Moon Riverside, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីលទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងបរិស្ថាន, និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងឯកឧត្តម Driesmans Igor ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, ឧកញ៉ា ងួន ម៉េងតិច អគ្គនាយក នៃសភាពាណិជ្ជកម្មកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុបប្រមាណ ២០០ នាក់។
សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់ពីបទពិសោធន៍ ឧត្តមានុវត្តជាអន្តរជាតិ លើការរៀបចំនិងការអនុវត្តលទ្ធកម្មសាធារណៈប្រកបដោយចីរភាព និងកសាងសមត្ថភាពជូនភាគីពាក់ព័ន្ធដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនទីបង្ហាញផ្លូវ និង ផែនការសកម្មភាពសម្រាប់ការអនុវត្ត ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ដោយប្រកាន់ភ្ជាប់នូវអភិក្រម៖រួមចិត្ត, រួមគំនិត និងរួមគ្នាធ្វើដោយស្មារតីទទួលខុសត្រូវខ្ពស់»។
នារសៀលថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សា ការងារជាមួយ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុ ជប៉ុន ស្តីអំពីហិរញ្ញប្បទានសហប្រតិបត្តិការទ្វេភាគី នាឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា ។ មានវត្តមាននាឱកាសនេះ ក៏មានឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលរួមផងដែរ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម KATO Katsunobu និងសហការី ដែលបានឆ្លៀតពេលមកជួបពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈ ដែលប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានដំឡើងកម្រិតនៃទំនាក់ទំនងទៅជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” កាលពីឆ្នាំ២០២៣ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាងសន្តិភាព និងបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។ ទំនាក់ទំនងជាដៃគូយុទ្ធ-សាស្ត្រ គ្រប់ជ្រុងជ្រោយ និងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីក ឥតឈប់ឈរ ។ ជាមួយគ្នានេះ, ហិរញ្ញប្បទានពីប្រទេសជប៉ុនទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥត សំណង បានឆ្លើយតបទាន់ពេលវេលា និងចំតម្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានរួម ចំណែកយ៉ាងធំធេងដល់ការកសាងមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ។ លើសពីនេះ, ហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន បានរួមចំណែកដល់ការតភ្ជាប់ផ្ទៃ ក្នុងប្រទេសកម្ពុជា និងឈានទៅធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក ។
ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុក សេវាកម្មហិរញ្ញវត្ថុ ជប៉ុន បានគាំទ្រការអភិវឌ្ឍនៅកម្ពុជា ទាំងក្នុងក្របខណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និង វិនិយោគផ្ទាល់ពីប្រទេសជប៉ុន ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃហិរញ្ញប្បទានសហប្រតិបត្តិការ របស់ជប៉ុននៅកម្ពុជា ជាពិសេស គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជា ផ្លូវថ្នល់ ស្ពាន កំពង់ផែ អន្តរជាតិ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី មន្ទីរពេទ្យ និងសាលារៀន ជាដើម ។ ការចូលរួមចំណែកពី សំណាក់វិស័យឯកជន ក្នុងនោះមានក្រុមហ៊ុនជប៉ុនផងដែរ បានដើរតួនាទីយ៉ាងសំខាន់ ដល់ការអភវិឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារ ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ ក្នុងន័យនេះ, ទន្ទឹមនឹង គាំទ្រកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍផ្លូវការ រដ្ឋាភិបាលជប៉ុនក៏ផ្តោត ការយកចិត្តទុកដាក់ផងដែរ ដល់ការវិនិយោគពីសំណាក់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលជាកត្តាគន្លឹះទ្រទ្រង់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព ។ និង
ក្នុងឱកាសនេះដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យឯកជនគឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។ រាជរដ្ឋាភិបាល បាននិងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ វិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងរាជរដ្ឋាភិបាលគឺជាយុទ្ធសាស្រ្តវិទូ ។ ជាមួយគ្នានេះដែរ, វេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការដោះស្រាយបញ្ហាប្រឈម នានាដែលវិស័យឯកជនជួបប្រទះ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ, ប៉ិនប្រសប់, និង គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន បានពិភាក្សាផងដែរ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងក្របខណ្ឌអាស៊ាន អាស៊ានបូក ១ និង អាស៊ានបូក ៣ ជាដើម ។ល។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀត ជូន ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជូនពរ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុ ជប៉ុន និងសហការី សូមបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យ ។
នាព្រឹកថ្ងៃទី ១៨ ខែ ធ្នូ គ.ស. ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជំនាន់ថ្មី ដល់ក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលរាជធានី ខេត្ត, និងនីតិបុគ្គលសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលរាជធានី ខេត្ត, នីតិបុគ្គលសាធារណៈ និងដៃគូអភិវឌ្ឍន៍ ប្រមាណជិត ៤០០ នាក់។ ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ SARMIS ថ្មីនេះ គឺដើម្បីជួយលើកកម្ពស់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ហើយនឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធ Ecosystem របស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបាន និងកំពុងជ្រកក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្រេចបានមក តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា។ សន្ដិភាព គឺជាបុរេលក្ខខណ្ឌជាសកល និង ជាបរិយាកាសចម្បងមិនអាចខ្វះបាន សម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និង ការរីកចម្រើនជឿនលឿនរបស់ជាតិ ក្នុងគ្រប់ផ្នែក, គ្រប់វិស័យ, រួមបញ្ចូលទាំងការផ្ដល់ឱកាសដល់ការកែលម្អ និង ការកែទម្រង់រចនាសម្ព័ន្ធ និង អភិបាលកិច្ច ឱ្យកាន់តែប្រសើរឡើងថែមទៀត ផងដែរ។ ឈរលើមូលដ្ឋាននៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដ៏រឹងមាំ, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា បាន និងកំពុងបន្តឈានឡើងជាលំដាប់ ឥតឈប់ឈរ លើមាគ៌ាដ៏ត្រឹមត្រូវ និង ប្រកបដោយក្ដីសង្ឃឹម។ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ, បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន សម្រាប់សកម្មភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងបានផ្តល់នូវកាលានុវត្តភាពថ្មីជាច្រើន តាមរយៈការនាំមកនូវគំរូធុរកិច្ចថ្មី ប្រកបដោយនវានុវត្តន៍ខ្ពស់, ការបង្កើនផលិតភាព និង ប្រសិទ្ធភាពការងារ, និងការពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងធុរជន ជាដើម។ ដោយទទួលស្គាល់ពីសារៈសំខាន់ នៃបច្ចេកវិទ្យាឌីជីថល, កម្ពុជាបាន និងកំពុងខិតខំពង្រឹងខ្លួន ក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីវិស័យដ៏មានសក្តានុពលនេះ ដើម្បីរួមចំណែកដល់ការកសាង និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ដើម្បីបន្តដំណើរ ដោយភាពស្វាហាប់ ឈានទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់, យើងមានតម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍ និង ការកែទម្រង់លើគ្រប់វិស័យ, ពិសេស ការជំរុញលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល។ ក្នុងន័យនេះ, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, ដោយកំណត់យកអាទិភាពគន្លឹះ ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និងបច្ចេកវិទ្យា ជាពិសេស គឺបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.0 និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ជាការពិត, នេះគឺជាការសម្រួចបន្ថែម នូវការយកចិត្តទុកដាក់ លើអាទិភាពនៃការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល បន្តពីរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដែលបានដាក់ឱ្យអនុវត្ត នូវ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ នាខែ ឧសភា ក្នុងឆ្នាំ ២០២១ និង គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ នាខែ មករា ក្នុងឆ្នាំ ២០២២។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាការងារមួយដ៏ធំ និងស្មុគស្មាញ ដែលទាមទារនូវការចូលរួម ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ និង ស្នើដល់ក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈទាំងអស់ បន្តសហការ និងចូលរួមយ៉ាងសកម្មក្នុងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង, ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ដើម្បីជាឧត្ដមប្រយោជន៍ជាតិ។ ក្នុងន័យនេះ, SARMIS ជំនាន់ថ្មី, ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នាថ្ងៃនេះ, នឹងជួយឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ មានភាពកាន់តែប្រសើរឡើង, ពោលគឺនឹងដើរតួជាឧបករណ៍មិនអាចខ្វះបាន ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់។
ជាទីបញ្ចប់, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, នីតិបុគ្គលសាធារណៈ និងដៃគូអភិវឌ្ឍន៍ ដែលបានផ្ដល់ការគាំទ្រយ៉ាងសកម្មកន្លងមក និងបានជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសហការី ដែលបានអញ្ជើញចូលរួម មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំថ្នាក់ដឹកនាំ និង មន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី ២ និង គណៈកម្មការជំនាញនានា នៃព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥, នាព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤, នៅវិមានព្រឹទ្ធសភា ។
ត្បូងឃ្មុំ៖ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មាការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក និងឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែងពីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាល ក្រុង ស្រុក អាជ្ញាធរមូលដ្ឋានឃុំ/សង្កាត់ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។
នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ ៖ លោក សុខខន ប្រធាននាយកដ្ឋាន នៃនាយកស្ថិតិ និងវិភាគសេដ្ឋកិច្ច អមដំណើរដោយមន្ត្រីចំនួន៣រូប បានចុះមកសង្កេត ពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងខេត្តត្បូងឃ្មុំដែលមានមន្ត្រីតំណាងមន្ទីរពាក់ព័ន្ធចូលរួមដូចជា (១)មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , (២)មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ,(៣)មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង(៤)មន្ទីរទេសចរណ៍។
គោលបំណងនៃកិច្ចពិភាក្សា៖កិច្ចពិភាក្សានេះ នឹងសិក្សាស្វែងយល់ពីការវិវឌ្ឍសំខាន់ៗនៃសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន និងប្រមូលធាតុចូលដើម្បីពិនិត្យលទ្ធភាពរៀបចំកម្រងទិន្នន័យសូចនាករសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗ ក្នុងការតាមដានស្ថានភាពសេដ្ឋកិច្ចតាមវិស័យតាមបណ្តារាជធានី-ខេត្ត។
ត្បូងឃ្មុំ ៖នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារមកពីនាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយលោកស្រី ឥន ដារ៉ា អនុប្រធាននាយកដ្ឋានបុគ្គលិក អមជាមួយមន្ត្រីចំនួន ៥រូប បានចុះមកបំពេញបេសកកម្មនៅមន្ទីរ សហវ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណង៖ដើម្បីពង្រឹងយន្តការលើការអនុវត្តការស្រង់វត្តមានដោយស្វ័យប្រវត្តិជំនួសឱ្យការចុះហត្ថលេខាដោយដៃ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព. ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអនុញ្ញាតឱ្យ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា នាំយកថវិកាបរិច្ចាគលើកទី៤ ចំនួន ១ ៣៣០ ០៣៦ ៧៤៨(មួយពាន់ បីរយសាមសិបលាន សាមសិបប្រាំមួយពាន់ ប្រាំពីររយសែសិប ប្រាំបី)រៀល ឬស្មើនឹងប្រមាណ ៣៣ ម៉ឺនដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ការបរិច្ចាគនេះ ក៍ជាផ្នែកមួយនៃការចូលរួមគាំទ្រយុទ្ធនាការ“១ម៉ឺនរៀល១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយ លោជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជាថ្មីម្ដងទៀតចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមជាប្រចាំពីសំណាក់ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា វិស័យឯកជន ជាពិសេសបណ្ដាធុរជន និងវិនិយោគិនចិននៅកម្ពុជា ដែលតែងតែបង្ហាញពីស្មារតី និងទឹកចិត្តសប្បុរសដ៏ថ្លៃថ្លា ក្នុងការរួមចំណែកជាប្រចាំជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ការគាំពារ និងលើកកម្ពស់សុខុមាលភាពទារក និងកុមារនៅកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៍បានកោតសរសើរ លោកអ្នកឧកញ៉ាប្រធានសមាគម ដែលផ្តួចផ្តើមចលនាកៀរគរការបរិច្ចាគ ចាប់តាំងពីការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “មូលនិធិគន្ធបុប្ផាកម្ពុជា” កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៍បានបញ្ជាក់ជូនប្រតិភូសមាគមថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ប្ដេជ្ញាគ្រប់គ្រងថវិកាបរិច្ចាគឱ្យមានតម្លាភាពបំផុត ដើម្បីធានាថា រាល់ថវិកាបរិច្ចាគទាំងអស់ នឹងបម្រើជាប្រយោជន៍របស់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះដែលទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប និងដោយមិនធ្វើឱ្យថវិកានេះបាត់បង់សូម្បីតែមួយរៀលឡើយ។
ជាការឆ្លើយតប, លោកអ្នកឧកញ៉ា ពុង ឃាវសែ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះកិច្ចខិតខំ ការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាព និងសុខភាពកុមារនៅកម្ពុជា តាមរយៈ “មូលនិធិគន្ធបុប្ផាកម្ពុជា”។ ជាមួយគ្នានេះ, លោកអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលតែងតែគាំទ្រវិស័យធុរកិច្ចរបស់វិនិយោគិនចិន ក៏ដូចជាសមាគមន៍ខ្មែរ-ចិន ដោយបានសន្យាថានឹងបន្តកៀរគរវិនិយោគិនពីបរទេស ជាពិសេសមកពីប្រទេសចិន ឱ្យមកប្រកបរបរធុរកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។
លោកអ្នកឧកញ៉ាប្រធានសមាគម បានបន្ថែមថា នេះជាលើកទី៤ ហើយដែលសមាគមបានបរិច្ចាគ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលសរុបជាថវិកាបរិច្ចាគសមមូលជាប្រាក់ដុល្លារអាមេរិកចំនួនប្រមាណ ១ ៥៥៤ ០០០(មួយលាន ប្រាំរយហាសិបបួនពាន់) ដុល្លារអាម៉េរិក។ លោកអ្នកឧកញ៉ា បានសន្យាថានឹងបន្តខិតខំកៀរគរថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ឆ្នាំក្រោយៗទៀត ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំ ប្រកបដោយគុណភាព ឥតគិតថ្លៃ មិនមានការរើសអើង។
ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុននានាដែលជាសមាជិករបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បន្តខិតខំ និងពង្រីកការវិនិយោគឱ្យបានកាន់តែទូលំទូលាយ ដើម្បីការអភិវឌ្ឍទាំងក្រុមហ៊ុន និងទាំងការរួមចំណែកអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលនឹងរង់ចាំស្វាគមន៍ជានិច្ច។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់សមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិន ពិនិត្យលទ្ធភាពបង្កើតយុទ្ធនាការ និងយន្តការកៀរគរថវិកាបរិច្ចាគតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួន ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ នៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។
ត្បូងឃ្មុំ៖នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤, ក្រុមការងារមកពី លេខាធិការដ្ឋានក្រុមការងារបច្ចេកទេស នៃក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ដោយមានការចាត់តាំងពីថ្នាក់ដឹកនាំ ក្រុមការងារនឹងត្រូវចុះទៅបំពេញបេសកកម្មនៅមន្ទីរ សហវ ខេត្តត្បូងឃ្មុំ ដែលមានមន្ត្រីចំនួន ៣ រូប។
✏️គោលបំណងនៃការចុះបំពេញបេសកកម្មនេះគឺដើម្បី៖
-បញ្ជ្រាបការយល់ដឹងផ្នែកសុវត្ថិភាពនៃការប្រេីប្រាស់បច្ចេកវិទ្យាព័ត៌មាន
-ត្រួតពិនិត្យ និងធ្វើតំហែរទាំឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍គាំទ្រកិច្ចប្រជុំ (សន្និសីទវីដេអូ)
-សិក្សាតម្រូវការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា និង ធនធានមជ្ឈមណ្ឌលទិន្នន័យ
-ពិនិត្យទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននា និងលទ្ធភាពដែលអាចផ្ដល់ជូនសេវាអ៊ីនធឺណិតរួម ជាដេីម។
នាព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ២៦៥ អនក្រ.បក ស្តីពី “ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ មានអ្នកចូលរួមផ្ទាល់ ១៩០ រូប និងតាមប្រព័ន្ធអនឡាញ ប្រមាណ ១២៣៥ រូប ដែលជាសវនករផ្ទៃក្នុង និងថ្នាក់ដឹកនាំរបស់ក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ ចំនួន៤៧។
សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ ខ្លឹមសារទាំងស្រុងនៃអនុក្រឹត្យលេខ២៦៥ អនក្រ.បក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្តីពី “ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង” ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ពិសេសសវនករផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលទាំងអស់។ អនុក្រឹត្យ លេខ២៦៥ អនក្រ.បក នេះ នឹងត្រូវជំនួសអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពី “ការរៀបចំនិងប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ” ដែលអនុក្រឹត្យថ្មីនេះចែកជា៩ ជំពូក និង១៧ មាត្រា។
ខ្លឹមសារសំខាន់ៗដែលត្រូវបានបញ្ចូលថ្មី និងបញ្ជាក់បន្ថែមក្នុងអនុក្រឹត្យថ្មីនេះ គឺពាក់ព័ន្ធនឹងការពង្រីកវិសាលភាពនៃមុខងារសវនកម្មផ្ទៃក្នុងដល់រដ្ឋបាលថ្នាក់ក្រោមជាតិ, សមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការចេញផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធមុខងារសវនកម្មផ្ទៃក្នុង, ការគ្រប់គ្រងផ្ទាល់របស់រដ្ឋមន្រ្តីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ប្រធានសហគ្រាសសាធារណៈ និងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាលលើអង្គភាពសវនកម្មផ្ទៃក្នុង, សិទ្ធិអំណាចរបស់សវនករក្នុងការទទួលនិងចូលដល់ព័ត៌មានចាំបាច់, កាតព្វកិច្ចរបស់សវនដ្ឋាន, ការលើកទឹកចិត្តចំពោះអង្គភាពសវនកម្ម ផ្ទៃក្នុង ទណ្ឌកម្មផ្នែកវិន័យ និងសទ្ទានុក្រម។
ថ្លែងក្នុងពិធីបើកនៃអង្គសិក្ខាសាលាផ្សព្វផ្សាយនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អនុក្រឹត្យថ្មីនេះ គឺបង្ហាញអំពីការបោះជំហានដ៏ត្រឹមត្រូវ ក្នុងការរួមចំណែកគាំទ្រដល់ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបន្តផ្តល់អាទិភាពលើការពង្រឹងអភិបាលកិច្ច សក្តិសិទ្ធភាព ប្រសិទ្ធភាព និងការបង្កើនសមត្ថភាពរបស់ស្ថាប័ន តាមរយៈការបន្តអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានផ្តល់អនុសាសន៍ជូនដល់តួអង្គសំខាន់ចំនួនបី ដើម្បីធានាជោគជ័យនៅក្នុងការបំពេញមុខងារសវនកម្មផ្ទៃក្នុង រួមមាន៖ ថ្នាក់ដឹកនាំកំពូលនៃក្រសួង ស្ថាប័ន ត្រូវគ្រប់គ្រងផ្ទាល់ចំពោះមុខងារសវនកម្មផ្ទៃក្នុង, សវនដ្ឋាន ត្រូវផ្តល់កិច្ចសហការល្អនិងចូលរួមអនុវត្តនីតិវិធីសវនកម្មប្រកបដោយប្រសិទ្ធភាព និងសវនករ ដែលជាតួអង្គសកម្ម ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ និង អនុវត្តសវនកម្មដោយឯករាជ្យ វាយតម្លៃដោយសត្យានុម័ត មិនលំអៀង ស្របតាមនីតិវិធីត្រឹមត្រូវព្រមទាំងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈសវនកម្មផ្ទៃក្នុងឱ្យបានហ្មត់ចត់។
ត្បូងឃ្មុំ៖នាថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៦សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិភាព គណនេយ្យភាព សុក្រឹត្យភាព និងទាន់ពេលវេលានៃការអនុវត្តច្បាប់នេះជូនដល់គ្រប់មន្ទីរជំនាញ-អង្គភាពជុំវិញខេត្ត។
ខ្លឹមសារនៃសារាចរណែនាំនេះ បានកំណត់ក្របខ័ណ្ឌ និងវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទេសក្នុងការគ្រោងចំណូល និងចំណាយចាំបាច់ សម្រាប់ជាមូលដ្ឋានដល់ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន សំដៅធានាសម្រេចឱ្យបានជោគជ័យនូវគោល-បំណងគោលនយោបាយ និងកម្មវិធីដើម្បីរួមចំណែកសម្រេចឱ្យបានគោលនយោបាយរួមរបស់រាជ-រដ្ឋាភិបាល។
ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវបញ្ចូន ផ.យ.ថ ឆ្នាំ២០២៥-២០២៧ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥ របស់ខ្លួនចំនួន២ច្បាប់មក កសហវ(អគ្គនាយកដ្ឋានថវិកា) យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។
គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រមុខរាជរដ្ឋាភិបាលអនុម័តដាក់ឱ្យប្រើប្រាស់តាមរយៈអនុក្រឹត្យលេខ២៦ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ គោលការណ៍ណែនាំរួមនេះ គឺជាឯកសារគោលរបស់រាជរដ្ឋាភិបាល ដែលចង្អុលបង្ហាញណែនាំដល់គ្រប់ក្រសួង (រួមទាំង ក.ស.ហ.វ.) ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីគោលការណ៍ច្បាប់, លិខិតបទដ្ឋានគតិយុត្ត, វិធាន, យន្តការ, និងនីតិវិធីរួម សំដៅធានាសង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្តគោលការណ៍គន្លឹះៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវអនុលោមជាគោលទៅនឹងវដ្ដនៃថវិកា។
នាថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល (ក.គ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMM)។
សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅដល់គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណរដ្ឋបាល សហគ្រាសសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ដោយមានអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Online ប្រមាណ៥០០រូប។
ត្បូងឃ្មុំ៖ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤, លោកគីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ ,អមដោយមន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ (តាមរយៈVideo Conference)ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
នៅសាលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤បានរៀបចំកិច្ចប្រជុំជម្រុញការធ្វើកម្មសិទ្ធដីរដ្ឋ ក្រោមអធិបតីភាពលោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ និងលោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមដោយ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោក លោកស្រី ស្រីប្រធានការិយាល័យសុខាភិបាលក្រុង ស្រុក តំណាងស្នងការដ្ឋាននគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត កងរាជអាវុធហត្ថខេត្ត និងមន្ត្រីទទួលបន្ទុកនៃមន្ទីរអប់រំ យុវជន និងកីឡា មន្ត្រីទទួលបន្ទុកនៃមន្ទីរសុខាភិបាលខេត្ត។
ត្បូងឃ្មុំ៖ នៅសាលមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ សហការជាមួយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិ រដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំ ពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣ ជូនដល់ មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងខេត្ត ត្បូងឃ្មុំ។ ក្រោមអធិបតីភាពឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិន មែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិន មែនសារពើ ព្រមទាំងមានការចូលរួមដោយ លោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ និងវត្តមាន លោក លោកស្រីជាសមាជិកសមាជិការ សរុបចំនួន១៥០នាក់។
ក្នុងពិធីនោះដែរ លោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានបញ្ជាក់ជូនអង្គប្រជុំនូវវឌ្ឍនភាពលើការងាររៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣មានដូចជា៖
-មន្ទីរ-អង្គភាពបានធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរួចនិងបានប្រគល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានចំនួន៩៤មន្ទីរ-អង្គភាពស្មើ ៩០%។
-ទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលបានវាយតម្លៃនិងធ្វើការចុះបញ្ជីឆ្នាំ២០២៣ មានតម្លៃសរុប១,៧០៣,១៤២ លានរៀល ក្នុងនោះ៖
ដីមានតម្លៃ ៨៨២,៦៦១ លានរៀល
អគារមានតម្លៃ៧២៥,៨៦៧ លានរៀល
បរិក្ខាបច្ចេកទេស និងឧស្សាហកម្ម ១,២១៣ លានរៀល
យានយន្ត និងគ្រឿងចក្រមានតម្លៃ ៣៦,៣៥៧ លានរៀល
សម្ភារៈ និងសង្ហារឹមមានតម្លៃ ៥៤,០៤៤ លានរៀល
-បានធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋចំនួន៧២៧ទីតាំង ស្មើនឹង ៦៩%នៃទីតាំងដីសរុបចំនួន១០៥២ទីតាំង។
ឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិន មែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ បានធ្វើការគូសបញ្ជាក់ថា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែងតែយកចិត្តទុកដាក់ លើការពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បតិ្តរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាព ដោយបានដាក់បញ្ចូលការគ្រប់គ្រងបញ្ជីសារពើភណ្ឌ នេះទៅក្នុង កម្មវិធីកំណែទម្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលតម្រូវឲ្យគ្រប់អង្គភាពនីមួយៗ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ បន្ថែមលើនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការជុំរុញឲ្យអង្គភាពថ្នាក់មូលដ្ឋានជាពិសេសក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំបញ្ជីសារពើភណ្ឌរបស់ខ្លួន ដោយប្រើប្រាស់នូវប្រព័ន្ធព័ត៌មានវិទ្យាហៅកាត់ថា SARMIS ដើម្បីជួយសម្រួលដល់ការកត់ត្រា និងគ្រប់គ្រងបញ្ជីសារពើភណ្ឌ។
ឯកឧត្តមបានស្នើដល់មន្ទីរជំនាញ អង្គភាពនានា មេត្តាយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌប្រចាំឆ្នាំរបស់ខ្លួន ដោយអនុលោមតាមបទបញ្ញត្តិនានាជាធរមានព្រមទាំងធ្វើការត្រួតពិនិត្យលើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួនដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយ និងភាពទាន់ពេលវេលានៃបញ្ជីសារពើភណ្ឌ និងសូមអោយមន្ទីរជំនាញ អង្គភាព ធ្វើការរៀបចំបែបបទក្នុងការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋដែលស្ថិតក្រោមការកាន់កាប់ និងប្រើប្រាស់របស់ខ្លួនអោយបានរួចរាល់ ជៀសវាងមានការរំលោភបំពានកាន់កាប់ខុសច្បាស់លើដីរដ្ឋ។
នាព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបឯកឧត្តម ដូណាល់ ប្រោន អនុប្រធានរងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development – IFAD) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IFAD ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ដូណាល់ ប្រោន និងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ IFAD ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការអភិវឌ្ឍវិស័យកសិកម្ម ចាប់ពីឆ្នាំ ១៩៩៣ រហូតមក, ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ។ ឆ្លៀតក្នុងឱកាស នេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានធ្វើការកត់សម្គាល់អំពីការកើនឡើងខ្លាំងនៃទំហំហិរញ្ញប្បទានសហប្រតិបត្តិការ ដែលកាលពីឆ្នាំ ២០១៣-២០១៨ មានត្រឹមប្រមាណ ៩៧ លានដុល្លារអាម៉េរិក និងបានកើន រហូតដល់ប្រមាណ ៥៩៣ លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ ២០២២-២០២៧ ។ ការណ៍នេះបង្ហាញនូវទំនាក់ទំនងដ៏ល្អ និងរឹងមាំ ព្រមទាំងមានលក្ខណៈជាយុទ្ធសាស្រ្ត រវាងព្រះរាជាណាចក្រកម្ពុជា និង IFAD ។
ជាការឆ្លើយតប, ឯកឧត្តម ដូណាល់ ប្រោន បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតសម្រេចបាននូវការអភិវឌ្ឍយ៉ាងរហ័សលើគ្រប់វិស័យ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ឡើងវិញ អំពីជំហរច្បាស់លាស់របស់ IFAD ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តជាមួយរាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តគាំទ្រការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាមួយគ្នានេះ, ឯកឧត្តម ដូណាល់ ប្រោន ក៏បានថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងផ្តល់កិច្ចសហការជិតស្និទ្ធ ក្នុងការសម្រប- សម្រួលការដឹកនាំការគ្រប់គ្រងគម្រោងនានា ក្រោមហិរញ្ញប្បទានពី IFAD នៅកម្ពុជា រហូតសម្រេចបាននូវជោគជ័យជាច្រើន នាពេលកន្លងមក ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ IFAD ចំពោះជំហរបន្តគាំទ្រ និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល, ជាពិសេស ក្នុងវិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងនៅក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដែលបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរ ឯកឧត្តម ដូណាល់ ប្រោន ព្រមទាំងសហការី ទទួលបានជោគជ័យក្នុងដំណើរមកទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា ។
នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៤, ក្រោយពីទទួលបានការណែនាំនិងតម្រង់ទិសពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” មុននឹង “សេចក្តីព្រាងគោលនយោបាយជាតិ” នេះ ត្រូវដាក់ជូនសុំការអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាល នាពេលខាងមុខ ។
ដើម្បីឆ្លើយតបទៅនឹងនិន្នាការតំបន់ និងសកលក្នុងវិស័យយានយន្តអគ្គិសនី ការរៀបចំ “គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” សំដៅចាប់យកកាលានុវត្តភាពទាំងផ្នែកបច្ចេកវិទ្យា និងផ្នែកនវានុវត្តន៍ថ្មី ស្របទៅតាមការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្ដរជាតិ, លើកកម្ពស់ភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងភាពធន់ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចឱ្យបានអព្យាក្រឹតភាពកាបូន នាឆ្នាំ ២០៥០ ក៏ដូចជាចូលរួមការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។
“គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” មានចក្ខុវិស័យ ប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងកម្រិតសុភបរមា (Optimal) ដើម្បីគាំទ្រ និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជា ធានានូវសុខុមាលភាពប្រជាជន និងមានគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់វិស័យយានយន្តអគ្គិសនី ប្រកបដោយប្រសិទ្ធភាព និងភាពបត់បែនតាមការវិវត្តរបស់បច្ចេកវិទ្យាយានយន្តអគ្គិសនី ដើម្បីធានាបាននូវសមតុល្យទាំងផ្នែកសេដ្ឋកិច្ច, សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថានល្អ ។ ទន្ទឹមនេះ, ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ អភិក្រមក្នុងការរៀបចំគោលនយោបាយជាតិនេះ ប្រកាន់ភ្ជាប់នូវគោលការណ៍ចំនួន ៣ គឺ ៖
១). ការរក្សាលំនឹងសេដ្ឋកិច្ច, សង្គម និងសុខុមាលភាពប្រជាជន,
២). អនុលោមតាមក្របខ័ណ្ឌបរិស្ថាន, សង្គម និងអភិបាលកិច្ច និង
៣). ធានាសហ-ថាមពល និងព្យាសកម្ម ។
ផ្អែកលើមូលដ្ឋាននេះ, “គោលនយោបាយជាតិ” នេះ បានដាក់ចេញនូវវិធានការមុតស្រួច ដោយផ្ដោតលើទិដ្ឋភាពចំនួន ៣ គឺ៖ ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី, ការផ្គត់ផ្គង់យានយន្តអគ្គិសនី និងការការពារបរិស្ថាន ។ “គោលនយោបាយជាតិ” នេះ ក៏បានកំណត់ផងដែរ អំពីការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និង តួអង្គពាក់ព័ន្ធ ព្រមទាំងមានការកំណត់ក្របខ័ណ្ឌពេលវេលាអនុវត្តជាក់លាក់ រួមទាំងយន្តការតាមដាន និង វាយតម្លៃការអនុវត្តវិធានការដែលបានដាក់ចេញ និងដោះស្រាយបញ្ហាប្រឈមអន្តរវិស័យនានា ដែលនឹងអាចកើតឡើងនៅពេលអនុវត្ត ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានវាយតម្លៃ ខ្ពស់ចំពោះការចូលរួមផ្តល់មតិយោបល់ និងការបង្ហាញនូវការប្តេជ្ញា និងឆន្ទៈខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការដែលនឹងត្រូវដាក់ចេញក្នុងគោលនយោបាយជាតិនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកធានាការសម្រេចបាននូវចក្ខុវិស័យ និងគោលដៅដែលមានចែងក្នុង “គោលនយោបាយ ជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” នេះ ។a
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុង “ពិធីបើកកម្មវិធីផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ដោយមានការចូលរួមពីឯកឧត្ដម Lautimuia Afoa Uelese Vaai រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសសាម័រ, លោកស្រី Tariye Gbadegesin នាយិកាប្រតិបត្តិ នៃ CIF, លោក Warren Evans ទីប្រឹក្សាជាន់ខ្ពស់ពិសេសទទួលបន្ទុកលើបញ្ហាប្រែប្រួលអាកាសធាតុ និងតំណាងប្រទេសចំនួន ១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, តំណាងក្រសួងស្ថាប័ន, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានឧត្តមសិក្សា, ស្ថាប័នស្រាវជ្រាវ, សមាគមន៍ និងសម្ព័ន្ធពាណិជ្ជកម្ម, សហគមន៍ជនជាតិដើមភាគតិច និងក្រុមសហគមន៍មូលដ្ឋាន ក្នុងព្រះរាជាណាចក្រកម្ពុជា, នាព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៤, នៅសណ្ឋាគាសូហ្វីតែល ភ្នំពេញភូគីត្រា ។
ខេត្តព្រះសីហនុ៖កាលពីថ្ងៃទី ១-២ ខែមេសា ឆ្នាំ ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៥។ពិធីបើកអង្គសិក្ខាសាលា ប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ពិធីបិទក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណ ២៥០ រូប ។
ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ណែនាំ និង លើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យត្រង់ត្រាប់ស្តាប់បទបង្ហាញ ការណែនាំរបស់មន្រ្តីជំនាញរៀបចំផែនការរបស់អគ្គលេខាធិការដ្ឋាន ពីការគ្រោងរៀបចំផែនការថវិកាសម្រាប់ឆ្នាំ ២០២៥ ព្រមទាំងបំផុសគំនិតឱ្យក្រុមការងារទាំងអស់ផ្តោតលើបេសកកម្មសំខាន់ៗរបស់អង្គភាពដោយផ្សារភ្ជាប់ជាមួយគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល និង ចូលរួមផ្តល់យោបល់ កែលម្អ ក្នុងការរៀបចំ ការវិភាជន៍ថវិកា ដើម្បីឱ្យការអនុវត្តថវិកាកាន់តែមានប្រសិទ្ធភាព មានគុណភាពដើម្បីឆ្លើយតបទៅបានលើគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង គោលនយោបាយរាជរដ្ឋាភិបាល ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាប់ផ្តើមអនុវត្តព័ត៌មានសមិទ្ធកម្មដំបូងគេ ដើម្បីជាគំរូសម្រាប់ក្រសួង-ស្ថាប័នដទៃ ។
នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) សហការជាមួយធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី បានរៀបចំសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តលទ្ធកម្មសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃ អ.គ.ហ. និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំវាយតម្លៃប្រព័ន្ធលទ្ធកម្មសាធារណៈ និងផែនទីចង្អុលផ្លូវ សម្រាប់រៀបចំប្រព័ន្ធលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់រាជរដ្ឋាភិបាល, តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ សិក្ខាសាលាមួយថ្ងៃពេញនេះ មានគោលបំណងសិក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនៃការអនុវត្តលទ្ធកម្មសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិក ពីបណ្តាប្រទេសមួយចំនួន និងភាពរួចរាល់របស់កម្ពុជា ដោយកំណត់ផែនទីចង្អុលផ្លូវ និងផែនការសកម្មភាព ដើម្បីអាចឱ្យកម្ពុជាឈានទៅបង្កើតនិងអនុវត្តប្រព័ន្ធលទ្ធកម្មសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិក។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទ កសហវ., ក្រសួង ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ ១៣០ រូប។
លទ្ធកម្មសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក (e-GP) សំដៅដល់ការអនុវត្តកិច្ចលទ្ធកម្មដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជំរុញប្រសិទ្ធភាព និងតម្លាភាពរវាងរាជរដ្ឋាភិបាល និងអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម។
នាថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “ការប្រមូលកម្រៃសេវា នៃការចេញលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ រាជធានី ខេត្ដ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. អមដោយឯកឧត្តម/លោក/លោកស្រី អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក/លោកស្រីអនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីតំណាង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី ខេត្ដ សរុបប្រមាណ១១០នាក់ នៅអគារ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
សិក្ខាសាលានេះរៀបចំឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងនិងត្រួតពិនិត្យលើការប្រមូលកម្រៃនៃការចេញលិខិតអនុញ្ញាតអាជីវកម្ម របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ រាជធានី ខេត្តនីមួយៗ។
ត្បងឃ្មុំ ៖នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានរៀបចំ សិក្ខាសាលា ស្តីពីការប្រមូលទិន្នន័យសម្រាប់សាកល្បងវាយតម្លៃប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ ធ្វើនៅសាលប្រជុំសកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំក្រោមអធិបតីភាពឯកឧត្តមយ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
(ទី១). ផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់លោក លោកស្រីតំណាងមន្ទីរអប់រំ យុវជន និងកីឡា និង ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ ព្រមទាំងលោក លោកស្រី នាយក នាយិការ និងលោកគ្រូ អ្នកគ្រូចំនួនប្រមាណជាង ១៨០ រូប នៃសាលារៀននៅក្នុងខេត្តត្បូងឃ្មុំ។ ជារួមតាមរយៈការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអស់រយៈពេលជិត ២០ ឆ្នាំកន្លងទៅការប្រមូលចំណូលថវិកាជាតិ មានការកើនឡើងក្នុងទំហំប្រមាណជិត ២០ ដង, ខណៈចំណាយថវិកាជាតិសរុប បានកើនឡើងជិត ១៥ ដង ដែលបានផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបង្កើនចំណាយទៅលើវិស័យអាទិភាព រួមមានវិស័យសង្គមកិច្ចដែលមានទំហំប្រមាណ២២% នៃចំណាយជាតិសរុប ក្នុងនោះចំពោះក្រសួងអប់រំ យុវជន និងកីឡាទទួលបានថវិកាកើនឡើងជាង ២ ដងកន្លះចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤។ ទន្ទឹមនេះ, ប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបានតម្លើងជាលំដាប់យ៉ាងតិចច្រើនជាង ១ លានរៀលគិតត្រឹមឆ្នាំ២០២៤ ក្នុងនោះប្រាក់បៀវត្សអប្បបរមារបស់គ្រូបង្រៀនប្រមាណ ១ ៤០០ ០០០រៀល។
(ទី២). ប្រមូលទិន្នន័យសម្រាប់ការវាយតម្លៃប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ដើម្បីសិក្សាអំពីការប្រែប្រួលគុណភាពនៃសេវាអប់រំ ដែលជាបច្ច័យនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក ក្នុងខណៈដែលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឈានដល់ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ជាដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានសម្រួចទិស និងតម្រង់គោលដៅឆ្ពោះទៅរកការកសាងនូវប្រព័ន្ធថវិកាជាតិមួយ ដែលផ្ដោតលើសមិទ្ធកម្ម ឬ លទ្ធផលនៅក្នុងរាជរដ្ឋាភិបាលទាំងមូល។
នាថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ឆ្នាំ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤, វេលាម៉ោង ៩:០០នាទីព្រឹក, នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី កសហវ. និងជាប្រធាន គ.ហ.ស. បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល, ឯកឧត្ដម ឌ្រីសម៉ាន់ អីហ្គោរ៍ (Diesmans Igor) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប និងជាតំណាងដៃគូអភិវឌ្ឍន៍, ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង-ស្ថាប័ន , ដៃគូអភិវឌ្ឍន៍, ឯកឧត្ដម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ដ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។
ត្បូងឃ្មុំ ៖ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដេីម្បីពង្រឹងការអនុវត្តកិច្ចលទ្ធកម្មឲ្យមានប្រសិទ្ធិភាពខ្ពស់ ត្រឹមត្រូវ និងទាន់ពេលវេលា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីលទ្ធកម្មសាធារណៈ ជាមួយនឹងមន្ទីរ-អង្គភាពជុំវិញខេត្ត។
ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តត្បូងឃ្មុំបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រង់គ្រងឆ្នាំ២០២៤
របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនដល់មន្ទីរ-អង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិនៃខេត្តត្បូអឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី មន្ត្រីប្រតិភូនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីអនុវត្ត ថ្នាក់ខេត្ត ក្រុងស្រុក ឃុំសង្កាត់។
ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នៅសាលាខេត្តត្បូងឃ្មុំបាតរៀបចំពិធីប្រកាសសមាសភាពក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងបើកកិច្ចប្រជុំលើកដំបូង របស់ខ្លួន ព្រមទាំងដាក់ចេញនូវទិសដៅការងារជាអាទិភាពនានា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។
នាព្រឹកថ្ងៃអង្គារ ១៣កើតខែបុស្ស ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពី ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ជាតិ ជូនដល់មន្ទីរ-អង្គភាពនៅក្នុងខេត្តត្បុងឃ្មុំ ក្រោមអធិបតីភាព លោកប្រធានមន្ទីរសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីតំណាងរតនាគាខេត្ត និងតំណាងមន្ទីរ-អង្គភាពដែលជាអង្គភាពថវិកាក្នុងរដ្ឋបាលខេត្តត្បូងឃ្មុំ។
នៅរសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្ដម អ៊ុ យុទ្ធី, នាយករដ្ឋបាលហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃអ.គ.ហ. បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង ២៥។
នាព្រឹក ថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទី, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) បានដឹកនាំកិច្ចប្រជុំ គ.ហ.ស. ដើម្បីពិភាក្សាលើរបាយការណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក គ.ហ.ស. និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី ខេត្តទាំង ២៥។
នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣, នៅសាលាខេត្តបន្ទាយមានជ័យ, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), អនុប្រធានគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, និងឯកឧត្ដម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពី អង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ, រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ នៃខេត្តបន្ទាយមានជ័យ, មន្ទីរ និងអង្គភាពជំនាញជុំវិញរដ្ឋបាលខេត្តបន្ទាយមានជ័យ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងមន្ទីរ សហវ. រាជធានី-ខេត្ត សរុបប្រមាណ ៤០០រូប។
ជារួម អង្គប្រជុំបានសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាននៃខេត្តបន្ទាយមានជ័យ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងអង្គភាពពាក់ព័ន្ធ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ និងកំពុងសហការយ៉ាងជិតស្និតជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ ដើម្បីបន្តជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនេះឱ្យសម្រេចបានវឌ្ឍនភាពបន្ថែមទៀត និងជំរុញការចុះដីរដ្ឋទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ ក៏មានការប្រគល់ប័ណ្ណកម្មសិទ្ធិចំនួន ១១៦ ប័ណ្ណកម្មសិទ្ធិ ជូនអង្គភាពកាន់កាប់ផងដែរ។
នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣, នៅសាលាខេត្តសៀមរាប, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប ព្រមទាំងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិជុំវិញខេត្តសៀមរាប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រមូលធាតុចូលសម្រាប់រៀបចំរបាយការណ៍ប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតលើ (១) ការអនុវត្តថវិកាកម្មវិធី, (២)ការផ្ទេរមុខងារ ៥៥ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ, (៣)ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង (៤)ការអនុវត្តថវិកា និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
(ត្បូងឃ្មុំ) ៖ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ,រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំស្តីពីការដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់អាជីវកម្មទូទាំងខេត្តត្បូងឃ្មុំក្នុងឆ្នាំ២០២៤ ដែលមានភាស៊ីផ្សារចំនួន៣ទីតាំង ដូចខាងក្រោម៖
១.ផ្សារទន្លេបិទ ស្ថិតឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
២.ផ្សារព្រែកចាម ស្ថិតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
៣.ផ្សារចុងជាច ស្ថិតនៅឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ត្បូងឃ្មុំ ៖ នាថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០២៣ ក្រុមការងារនៃនាយកដ្ឋានបុគ្គលិក អគ្គលេខាធិការដ្ឋាន កសហវ. ដឹកនាំដោយលោកស្រី ថោង វណ្ណសុជីវី អនុប្រធាននាយកដ្ឋានបុគ្គលិក បានរៀបចំកិច្ចប្រជុំនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ ដើម្បីធ្វើបទបង្ហាញស្តិពីការពង្រឹកវិសាលភាពនៃការដាក់ឲ្យដំណើរការ"ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ" និងចុះបំពាក់ Attendance QR សម្រាប់ស្រង់វត្តមានប្រចាំថ្ងៃដោយស្វ័យប្រវត្តិ តាមរយៈកម្មវិធី MEF Profile។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចូលរួមសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និង សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ នៅវិមានរដ្ឋសភា, នាព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។
នាថ្ងៃសុក្រ ០៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣, វេលាម៉ោង ០១:៣០នាទីរសៀល, នៅសណ្ឋាគារ សុខា ភ្នំពេញ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានសម្របសម្រួលរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “អនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌ នៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ”។
សិក្ខាសាលាផ្សព្វផ្សាយនាពេលរសៀលនេះ ដឹកនាំ និងសម្របសម្រួលដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត វង់ សណ្តាប់, រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ និងមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញ សរុបចំនួនប្រមាណ ១ ២០០រូប ក្នុងនោះរួមមាន សមាសភាពមកពីតំណាងក្រសួង-ស្ថាប័ន, ការដ្ឋានកែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល, រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ, អង្គភាពក្រោមឱវាទ កសហវ., មន្ទីរ សហវ., អង្គភាព និងមន្ទីជំនាញរាជធានី-ខេត្ដ។
(ត្បូងឃ្មុំ)៖នាថ្ងៃ១០ ខែតុលា ឆ្នាំ២០២៣ ,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១០ សហវ.ស.រ.ណ.អច [ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣] ជូនដល់គ្រប់មន្ទីរ-អង្គភាពជុំវិញខេត្ត ក្នុងគោលបំណង៖
១.ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា។ ២.ទាន់ពេលវេលានៃការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣ ។
នាព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣, នៅសណ្ឋាគារ សុខា ភ្នំពេញ, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងឯកឧត្ដម ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយត្រៀមរៀបចំការរៀបចំលទ្ធផលគន្លឹះ ផែនការសកម្មភាពលម្អិត និងផែនការថវិកា ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីតម្រង់ទិសការរៀបចំលទ្ធផលគន្លឹះ (KPI), ផែនការសកម្មភាពលម្អិត (GDAP/MAP/PDAP) និងផែនការថវិកា ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមនៃការអនុវត្តកន្លងមក។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងគ្រប់អគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។
នារសៀលថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣, នៅខេត្តព្រះសីហនុ, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានចូលរួមសម្របសម្រួលក្នុងវេទិកាសំណួរ-ចម្លើយ និងកម្មវិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើផែនការគោល (Blueprint) ស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ សិក្ខាសាលាពិគ្រោះយោបល់នេះមានការចូលរួមពីតំណាង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលរាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត, សហគ្រាសសាធារណៈ, និងគ្រឹះស្ថានសាធារណៈ។
នាថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាបញ្ជ្រាបការយល់ដឹង អំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាលក្រុង ស្រុក ។កម្មវិធីនេះក៏មានកាអញ្ជើញចូលរួម ថ្លែងមតិចាប់អារម្មណ៍ពី ឯកឧត្ដម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយថ្ងៃទី១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីការគ្រប់គ្រងសំរាមសំណល់រឹង ផ្ដោតលើគោលនយោបាយ, លិខិតបទដ្ឋានគតិយុត្ត, តួនាទីភារកិច្ច, គោលការណ៍កំណត់កម្រៃសេវានានា និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម ព្រមទាំងការចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលចំនួន ៤ គឺ រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលក្រុងព្រះសីហនុ, រដ្ឋបាលក្រុងបាត់ដំបង, និង រដ្ឋបាលក្រុងកំពង់ចាម ។
សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញ ដែលជាតំណាងនៃគណៈអភិបាលរាជធានីខេត្ត ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ព្រមទាំងលោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគារ និងមន្ទីរបរិស្ថាន រាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុកទូទាំង ២៥ រាជធានី ខេត្ត សរុបចំនួនប្រមាណ ៦០៥ នាក់។
នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំក្រសួង អញ្ជើញចុះពិនិត្យការងារ និងសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ការិយាល័យគយ និងរដ្ឋាករទន្លេចាម នៃសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ។
ត្បូងឃ្មុំ៖ នាព្រឹក ថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំបានរៀបចំកិច្ចប្រជុំស្តីពីការពិភាក្សាស្វែងយល់ពីការអនុវត្តថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច (COA) នៃមាតិកាថវិកា ដើម្បីប្រមូលធាតុចូល សម្រាប់កែលម្អ ការបន្សី (mapping) រវាងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (GFS) និងលេខកូដ COA។
លោកស្រី ហង់ វិសុទ្ធ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគោលនយោបាយ មានប្រសាសន៍ថា៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ អគ្គនាយកដ្ឋានគោលនយោបាយនឹងធ្វើការកែលម្អ បន្ស៊ីលេខកូដរវាងស្ថិតិ GFS និងលេខកូដ COA ដើម្បីពង្រឹងគុណភាព ទិន្នន័យ និងប្រសិទ្ធភាពនៃការរៀបចំស្ថិតិ GFS ឱ្យស្របតាមការវិវត្តន៍ថ្មីៗ និងឆ្លើយតបតម្រូវការប្រើប្រាស់ឱ្យកាន់តែប្រសើរជាងមុន, ក្រុមការងារស្ថិតិGFS គ្រោងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានដែលជាអង្គភាពអនុវត្ត, ជាអង្គភាព ផ្តល់ការណែនាំក្នុងការអនុវត្ត, និងជាអង្គភាពប្រមូលផ្តុំព័ត៌មានផង។
កិច្ចពិភាក្សានេះ មានគោលបំណងស្វែងយល់ឱ្យកាន់តែលម្អិតពីការអនុវត្តជាក់ស្តែងទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានលើការកត់ត្រាប្រតិបត្តិការចំណូល-ចំណាយ,ការរៀបចំរបាយការណ៍ចំណូល-ចំណាយតាមចំណាត់ថ្នាក់សេដ្ឋកិច្ចដោយប្រើប្រាស់ទិន្នន័យអនុវត្តថវិកាចំណូល-ចំណាយចរន្តនិងមូលធន, ព្រមទាំងតារាងតុល្យភាពឆ្នាំ២០២១ និង២០២២ជាមូលដ្ឋាន។
(ត្បូងឃ្មុំ)៖នាថ្ងៃចន្ទ ទី៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា គ.ស២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំស្តីពីការចូលរួមផ្តល់សម្ភាសន៍ជាមួយក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងមុខងារភារកិច្ចរបស់មន្ត្រីទទួលបន្ទុកការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល។
ក្រុមការងារបច្ចេកទេសនៃវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះមកសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងមន្ត្រីទទួលបន្ទុកការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្នុងគោលបំណងដើម្បីសិក្សាស្រាវជ្រាវ និងវាយតម្លៃ ដើម្បីធ្វើការចងក្រងអំពីមុខងារ តួនាទី ភារកិច្ច របស់មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុសាធារណ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, និងវាស់វែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការបណ្តុះបណ្តាលស្តីពី"នីតិវិធីរៀបចំ និងអនុវត្តថវិកា "សម្រាប់មន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងការលើកកំពស់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ, ការទទួលបានឱកាសដំទ្បើងឋានៈ តួនាទី ឫការទទួលខុសត្រូវ ,និងការចែករំលែកចំណេះដឹង និងបទពិសោធន៍នៅកន្លែងបំពេញការងាររបស់អតីតសិក្ខាកាម។
នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣, វេលាម៉ោង ៩:០០នាទីព្រឹក, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងតំណាងឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីឌីអូអនឡាញ ដើម្បីពិនិត្យ និងពិភាក្សាអំពីមតិយោបល់បន្ថែមលើសេចក្តីព្រាង “អនុក្រឹត្យស្ដីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ”។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម ចាន់ សុធា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ, និងតំណាងអង្គភាពក្រោមឱវាទ កសហវ. រួមមាន អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្ដិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការកណ្តាលរបស់បេឡាជាតិសន្តិសុខសង្គម, នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា គ.ស.២០២៣។
នាថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំសិក្ខាសាលាបញ្ជ្រៀបការយល់ដឹងស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)” សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីបណ្តាអគ្គនាយកដ្ឋាន ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។ ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណងសម្រាប់បង្ហាញជូនដល់សិក្ខាកាមលើប្រព័ន្ធ PMAS សម្រាប់ជំនួយដល់ការរៀបចំផែនការសកម្មភាព របស់អង្គភាព ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរៀបចំជារបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំ, ការគ្រោងថវិកា និងផែនការសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កាលពីព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨។
សេចក្ដីព្រាងគោលនយោបាយនេះមានចក្ខុវិស័យ "អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក" និងមានគោលបំណង "អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុរស់រវើក តាមរយៈការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល, ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ, ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រ និងការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវច្រកទទួលសេវាហិរញ្ញវត្ថុ, ភាពជឿទុកចិត្ត និងគុណភាពជីវិតរបស់អ្នកប្រើប្រាស់ ក្នុងយុគសម័យឌីជីថល"។
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ដេីម្បីពង្រឹងការអនុវត្តកិច្ចលទ្ធកម្មឲ្យមានប្រសិទ្ធិភាពខ្ពស់ ត្រឹមត្រូវ និងទាន់ពេលវេលា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំស្តីពីការអនុវត្តកិច្ចលទ្ធកម្ម និងការរៀបចំរបាយការណ៍កិច្ចលទ្ធកម្ម ជាមួយនឹងអង្គភាពលទ្ធកម្មក្រុង-ស្រុក៕
នាថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣, វេលាម៉ោង ៨:៣០ នាទី ព្រឹក, នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស, តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ អ.គ.ហ., អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. និងជាអនុប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស បានចូលរួម កិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាបញ្ចប់ការរៀបចំសេចក្តីព្រាងចុងក្រោយ “អនុក្រឹត្យស្តីពីគោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃ ការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ”។
កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអមដោយមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នប្រមូលចំណូលទាំង២២ និងក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំរៀបចំក្របខណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃការផ្ទេរ មុខងារនិងការចែករំលែកចំណូលមិនមែនសារពើពន្ធពីក្រសួង ស្ថាប័នឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សរុបប្រមាណ ១១០រូប។
អនុក្រឹត្យស្តីពីគោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃ ការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាបទដ្ឋានគតិយុត្តគោល ដើម្បីជំរុញ ប្រសិទ្ធភាព នៃការចែករំលែកធនធានចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
(ត្បូងឃ្មុំ)៖នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំពិនិត្យផ្គូរផ្គងនិងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២២) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពថ្នាក់មូលដ្ឋាននៃខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងកិច្ចប្រជុំនោះ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ ក្នុងការពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បតិ្តរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាពដោយបានដាក់បញ្ចូលការគ្រប់គ្រង បញ្ជីសារពើភណ្ឌ នេះទៅក្នុង កម្មវិធីកំណែទម្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលតម្រូវឲ្យគ្រប់អង្គភាពនីមួយៗ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ។ជាពិសេសក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំបញ្ជីសារពើភណ្ឌរបស់ខ្លួនដោយប្រើប្រាស់នូវប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋហៅកាត់ថាSARMIS ដើម្បីជួយសម្រួលដល់ការកត់ត្រា និងគ្រប់គ្រងបញ្ជីសារពើភណ្ឌ។
(ភ្នំពេញ)៖នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ "ច្រកចេញចូលតែមួយ" បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានីខេត្ត"។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីបំពេញបេសកកម្មស្នូល និងពាក់ព័ន្ធ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាម <<ចក្ខុវិស័យក្រសួងឆ្នាំ២០៣០ ជាស្ថាប័ននៃឧត្តមភាព ប្រកបដោយសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់>> ក្រោមដឹកនាំ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថាក្នុងរយៈពេល៥ឆ្នាំចុងក្រោយ, រាជរដ្ឋាភិបាលសម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការកសាងក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជន, ពង្រឹង និងកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគដូចជា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី, ច្បាប់ស្តីការប្រកួតប្រជែង, ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់គោលការណ៍ និងបទប្បញ្ញត្តិបន្ថែម ព្រមទាំងបានសម្រួលដល់ដំណើរការធ្វើធុរកិច្ច និងវិនិយោគតាមរយៈការធ្វើឌីជីថលូបនីយកម្ម, ការចុះបញ្ជី, ការចេញវិញ្ញាបនបត្រនានា, និងការរៀបចំថ្នាលបច្ចេកវិទ្យាសម្រាប់សម្រួលពាណិជ្ជកម្ម, ការផ្លាស់ប្តូរទិន្នន័យ ជាដើម។
ទន្ទឹមនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត ដើម្បីផ្តល់សិទ្ធិសម្រេច និងការធ្វើប្រតិភូកម្មអំណាចកាន់តែច្រើនថែមទៀត ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការពិនិត្យសម្រេចគម្រោងវិនិយោគ ដែលមានទុនវិនិយោគសមមូល ឬទាបជាង ៥ លានដុល្លារអាមេរិក ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ផ្តល់នូវការលើកទឹកចិត្តច្រើនជាងមុន មានភាពទាក់ទាញ និង ប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ និង បរទេស រួមទាំងការធានា និងការការពារវិនិយោគ, សេវាថែទាំវិនិយោគ និង ការដោះស្រាយវិវាទ។ បន្ថែមពីលើនេះ, រាជរដ្ឋាភិបាលនឹងដាក់ចេញនូវអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈលម្អិត និង ច្រើនជាងអនុក្រឹត្យមុន។
នាថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៣៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ជូនដល់ក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ និងរមណីយដ្ឋាន ឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលាឯកឧត្តមបណ្ឌិត ងី តាយី បានលើកឡើងថា ដោយយល់ឃើញថា ព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានច្បាប់ជាសារវ័ន្តដោយ ខ្លួនឯងណាមួយដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ អំពីការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ច្បាប់ស្តីពីការ គ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រូវបានផ្តួចផ្តើមរៀបចំឡើង ដោយរាជរដ្ឋាភិបាល ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ។ ជាលទ្ធផល ច្បាប់ស្តីពីការ គ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/ រកម/១១២០/ ៣០ ចុះថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៨២២/០១០ នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២។ ច្បាប់នេះ ក៏ត្រូវបានចាត់ទុកជាច្បាប់គោលសំខាន់ និងដំបូងគេក្នុងការគ្រប់គ្រងវិស័យចំណូលមិនមែនសារពើពន្ធ និងជាលិខិតុបករណ៍យ៉ាងសំខាន់ក្នុងចូលរួមអនុវត្ត យុទ្ធសាស្ត្រកៀរគរចំណូលរយះពេលមធ្យមរបស់រាជរដ្ឋាភិបាល។ ច្បាប់នេះ ត្រូវបានតាក់តែងឡើងក្នុង គោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធដែលជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព សក្ដិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាព ដោយកំណត់ក្របខ័ណ្ឌច្បាប់ស្ថាប័នជាគោល យន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទសំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃព្រះរាជាចក្រកម្ពុជាស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨និងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣របស់រាជរដ្ឋាភិបាល។ កន្លងមកយន្តការនៃ ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធត្រូវបានអនុវត្តទៅតាមច្បាប់សំខាន់ៗទៅតាមវិស័យនីមួយៗ ដែលនាំឱ្យចោទជាបញ្ហាលំបាក ក្នុងការអនុវត្ត ទើបរាជរដ្ឋាភិបាលបានផ្តួចផ្តើមរៀបចំតាក់តែងច្បាប់គោលមួយ សម្រាប់ជាក្របខ័ណ្ឌគតិយុត្តគ្របដណ្តប់ការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធជារួម៕
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំក្រសួង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មាការទី២ នៃព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សា ឆ្លងសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ នៅមន្ទីរព្រឹទ្ធសភា, នាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៣ ។
ភ្នំពេញ៖ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣, នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំប្រតិភូជាថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជាវាគ្មិន នៅក្នុងអង្គសន្និសីទសារព័ត៌មាន ស្តីពី “ភាពជោគជ័យ” រយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំក្រសួង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គ នៃរដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សាឆ្លងសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ នៅវិមានរដ្ឋសភា, នាព្រឹកថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៣ ។
នាព្រឹកថ្ងៃទី១៨ខែ មេសា ឆ្នាំ ២០២៣,នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(គ.ស.ហ)បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួងដើម្បីពិនិត្យលទ្ធផលនៃការចរចាបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនិងផ្តល់គោលការណ៍ណែនាំលើកិច្ចការមួយចំនួនដល់ក្រុមការងារដោយ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធព្រមទាំងសមាជិកក្រុមការងារចរចារបស់កម្ពុជា ។
នារសៀលថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣, នៅសាលាជាតិគយ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធី “ប្រកាសពង្រីកការប្រើប្រាស់មុខងាររបស់ប្រព័ន្ធ FMIS, ការអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង, ការប្រើប្រាស់ប្រព័ន្ធ FMIS Portal ជំនាន់ទី ១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្រសួងចំនួន ៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័នទាំងអស់, រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក និង ឃុំ-សង្កាត់ រួមជាមួយតំណាងដៃគូអភិវឌ្ឍ ទាំងនៅកន្លែងប្រារព្ធពិធីផ្ទាល់ និង តាមប្រព័ន្ធវីដេអូអនឡាញប្រមាណ ១ ៤០០ នាក់។
ប្រព័ន្ធ Financial Management Information System (FMIS)គឺជាឧបករណ៍ស្រួលដែលមិនអាចខ្វះបានសម្រាប់ ជួយគាំទ្រ និង ជំរុញដល់ការសម្រេចបាននូវគោលដៅ នៃដំណាក់កាលនីមួយៗរបស់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមមាន ការបង្កើនភាពជឿទុកចិត្តនៃថវិកា, ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ, ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោល នយោបាយ និង ការបង្កើនគណនេយ្យភាព សមិទ្ធកម្ម ព្រមទាំង ជួយបង្កើនប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ ។ សមិទ្ធផលជាច្រើនបានកើតចេញពីការអនុវត្តគម្រោង FMIS តាំងពីជំហានទី ១ ក្នុងឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ ដែលជាជំហានទី ៣ គឺមិនមែនកើតចេញដោយភ្លាមៗ និង ងាយៗនោះទេ គឺកើតចេញពី ការប្តេជ្ញាចិត្តខ្ពស់ និង កិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុត មិនរាថយ របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេស ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ការចូលរួមគាំទ្រយ៉ាងសស្រាក់សស្រ័ពីតួអង្គដែល មានការពាក់ព័ន្ធនៅតាមក្រសួង-ស្ថាប័ន ស្របតាមឆន្ទៈនយោបាយ និង ការតម្រង់ទិសយ៉ាងម៉ឹងម៉ាត់ និង ឈ្លាសវៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ដ៍ឆ្នើមរបស់កម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានប្រកាសការដាក់ឱ្យអនុវត្ត និង ប្រើប្រាស់ជាផ្លូវការ៖
១). នីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ HIS ទាំង ស្រុងសម្រាប់ក្រសួង-ស្ថាប័នចំនួន ៥ បន្ថែម
២). នីតិវិធីចំណាយថិវកាទូទាត់សេវាបំណុលក្នុងជំពូក ៥០ និង ៦៦ តាមប្រព័ន្ធ FMIS ទាំងស្រុង នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
៣). ប្រព័ន្ធ HMIS Portal ជំនាន់ទី១ ទៅកាន់រដ្ឋបាលក្រុង ស្រុក និង ឃុំ-សង្កាត់ សរុបចំនួន ៥៤២ បន្ថែម
៤). មុខងារស្រួល នៃប្រព័ន្ធ FMIS ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១០ បន្ថែមថ្មី
៥). មុខងាររៀបចំផែនការថវិកា ទៅកាន់ក្រសួង-ស្ថាប័នចំនួន១២ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់ កណ្ដាលចំនួន ១៧ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥
៦). មុខងារលទ្ធកម្មពេញលេញ ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្ដាលចំនួន ២០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥
៧). គម្រោង “មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ” នៅក្នុងប្រព័ន្ធ FMIS ជាមួយក្រសួង-ស្ថាប័នចំនួន ៥ គឺ ១. ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២. ក្រសួងបរិស្ថាន ៣. ក្រសួងសុខាភិបាល ៤ ក្រសួងមហាផ្ទៃ និង ៥. ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
៨). នីតិវិធី ចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ HIS ទាំងស្រុងសម្រាប់ក្រសួងយុត្តិធម៌នៅក្នុងខែមិថុនា ២០២៣ តទៅ ។
ជាមួយនឹងការថ្លែងអំណរគុណចំពោះលទ្ធផលការងារដែលសម្រេចបានរបស់ ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏ដូចជាការវាយតម្លៃ ខ្ពស់ចំពោះការចូលរួមចំណែករបស់តំណាងដៃគូអភិវឌ្ឍ, អគ្គនាយកដ្ឋាន អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានគាំទ្រ និងចូលរួមសហការជាកម្លាំងរួមក្នុងការកសាងសម្រេចបាននូវសមិទ្ធផលជាច្រើនកន្លងមក, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានរម្លឹកនូវឱ វាទានុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងដាស់តឿនបុគ្គលិកមន្ត្រីរាជការ ទាំងអស់ថា : “កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់” និង“គ្មានលទ្ធផលណាដែលបានមកដោយមិនមានការបង់ថ្លៃនោះ ទេ ហើយក៏គ្មានការកែទម្រង់ណាដែលសម្រេចបានដោយមិនមានការលះបង់នោះដែរ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្ត និងជំរុញថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលមានតួនាទីភារកិច្ចក្នុងកិច្ចការថវិកា និងហិរញ្ញវត្ថុ ឲ្យលះបង់ប្រយោជន៍សួនតួ ប្តេជ្ញាឱ្យបានមុតមាំ តាមគំរូលះបង់ប្រកបដោយវីរភាពដ៏អង់អាចរបស់ សម្តេចអគ្គមហា សេនាបតីតេជោនាយករដ្ឋមន្ត្រី ដែលតែងតែតម្កល់ប្រយោជន៍ជាតិជាធំ និងសូមផ្លាស់ប្ដូរផ្នត់គំនិតទទួលយកនូវបរិ ការណ៍នៃការផ្លាស់ប្ដូររបៀបរបបបំពេញការងារថ្មី ខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ ដោយគិតជាធំទៅលើប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ និងតម្លៃនៃលុយ ដើម្បីការផ្តល់សេវាសាធារណះជូនប្រជា ពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង ៕
នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត នូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ (២០២៣-២០២៧)។ កម្មវិធីប្រកាសដាក់ឱ្យអនុវត្តនេះ មានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា មិនមែនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបធ្វើកំណែទម្រង់នោះទេ។ ការរស់រានរបស់កម្ពុជាឈានមកដល់ពេលនេះ គឺបានមកដោយការធ្វើកំណែទម្រង់។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជីវិតរបស់សម្តេចជួបនូវការផុយស្រួយយ៉ាងខ្លាំងលើការធ្វើកំណែទម្រង់នេះ។ ការធ្វើកំណែទម្រង់របស់សម្តេចនាពេលកន្លងមកមានចំនួនពីររួមមាន ទី១ គឺការកំណែទម្រង់ខាងនយោបាយ គឺត្រូវដោះស្រាយជម្លោះកម្ពុជា តាមរយៈការចរចាស្វែងរកសន្តិភាព និងទី២ កំណែទម្រង់ខាងសេដ្ឋកិច្ច។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា មានកម្លាំងសង្កត់៣ ធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយ និងការធ្វើកំណែទម្រង់ រួមមាន ទី១ ការមិនចុះសម្រុងគ្នានៅផ្ទៃក្នុងក្រោយពេលផ្តួលរំលំខ្មែរក្រហម ទី២ របបទីផ្សារខុសគ្នារវាងវៀតណាម និងកម្ពុជា និងទី៣ ការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកសេរី។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់របស់កម្ពុជា បានធ្វើជាបន្តបន្ទាប់ដោយមិនចាំជំនួយរបស់បរទេសនោះឡើយ។
ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ២០ឆ្នាំកន្លងទៅនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេចតេជោបានប្រសាសន៍ទៀតថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងសមិទ្ធកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ ថវិកាជាតិរយៈពេល២០ឆ្នាំក្រោយ ចំណូលថវិកាជាតិ ក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថា នឹងមានរហូតដល់ ៣២,៩៣៦ ប៊ីលានរៀល ឯណោះ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១,៥៣៧ ប៊ីលានរៀល ។ សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូល មធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ ២០៥០។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលើកកម្ពស់ជីវភាព និង គុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណគឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលសំដៅដល់ការកសាង និងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្តលើគ្រប់វិស័យ។ រឹតតែសំខាន់ជាងនេះសមិទ្ធផលទាំងអស់នេះ គឺជាកត្តារួមចំណែកដ៏ធំធេង ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដែលមានការធ្លាក់ចុះជាលំដាប់។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាល ចុងក្រោយរបស់ខ្លួន បន្ទាប់ពីត្រូវបានអនុវត្តអស់រយៈពេលជិត២០ឆ្នាំ ដែលសម្តេចធ្លាប់បានធ្វើជាអធិបតីក្នុងពិធីប្រកាសដាក់ចេញនូវដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់នេះ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០០៤។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាមួយនឹងឆន្ទៈមុតស្រួចឥតរាថយ និងឥតងាករេ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញអនុវត្តកម្មវិធីកែទម្រង់ ដ៏មានសារៈសំខាន់បំផុតមួយនេះ ឆ្លងកាត់ដំណាក់កាលធំៗចំនួន៣រួមមាន៖ ដំណាក់កាលទី១ ត្រូវបានអនុវត្ត ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨ ដែលមានគោលដៅគន្លឹះ សំដៅលើការបង្កើនភាពជឿទុកចិត្តនៃថវិកា។ ដំណាក់កាលទី២ ត្រូវបានអនុវត្តពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និង ដំណាក់កាលទី ៣ ត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោល-នយោបាយ។ ដំណាក់កាលទី ៤ ដែលយើងកំពុងប្រកាសដាក់ឱ្យ ចាប់ផ្តើមអនុវត្តនាពេលនេះ ត្រូវបានគ្រោងចាប់អនុវត្តពីឆ្នាំ ២០២៣ នេះរហូតដល់ឆ្នាំ ២០២៧ ដែលមានគោលដៅគន្លឹះ សំដៅលើការបង្កើនគណនេយ្យភាពសមិទ្ធកម្ម។ បុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយបាន កាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស ដែលបច្ចុប្បន្ន ការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្មើនឹង២០ភាគរយនៃថវិកាជាតិសរុបនោះទេ។
សម្តេចតេជោមានប្រសាសន៍ថា នៅក្នុងអតីតកាល៣០ឆ្នាំមុន ចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯង មានត្រឹមប្រមាណមួយភាគបីនៃថវិកាជាតិសរុបតែប៉ុណ្ណោះ បានន័យថា តមូ្រវការប្រមាណពីរភាគបីនៃថវិកាជាតិត្រូវបាន ដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស ។ នេះគឺជាលទ្ធផលជាក់ស្ដែងដែលយើងសម្រេចបាន ស្របតាមគោលជំហរដឹកនាំ ដែលសម្តេចធ្លាប់បានប្រកាសជាសាធារណៈ នាពេលកន្លងទៅ គឺ ៖ «កែទម្រង់-រស់ មិនកែទម្រង់- ស្លាប់»។ កិច្ចការកែទម្រង់បានធ្វើឱ្យក្ដីរំពឹងទុកលើការកសាង ប្រជាជាតិរបស់យើង ដែលត្រូវបានចារឹកទុកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ក្លាយទៅជាការពិតនោះគឺ៖ «ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឱ្យបានឈានឡើង រីកចម្រើនលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍» និងប្រែក្លាយ កម្ពុជាឱ្យទៅជា «កោះសន្ដិភាព» យ៉ាងពិតប្រាកដ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ដើម្បីបន្តជំរុញអនុវត្តដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់នេះឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន សូមផ្តល់អនុសាសន៍គន្លឹះចំនួន៨ចំណុច សម្រាប់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃគ្រប់ក្រសួង-ស្ថាប័ន ដែលជាតួអង្គនិម្មាបនករ និងប្រតិបត្តិករនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សម្តេចពិតជាមានមោទនភាពខ្ពស់ ចំពោះការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ដែលតាមរយៈនេះ យើងអាចកសាងមូលដ្ឋានគ្រឹះ តាមដំណាក់កាលនីមួយៗ និងអាចឈានមកដល់ដំណាក់កាល ចុងក្រោយនេះបានដោយជោគជ័យយ។សម្តេចតេជោសូមផ្ដាំផ្ញើ និងជំរុញ ជាថ្មីម្តងទៀត ឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្ត តាមបេសកកម្ម មុខងារ កម្មវិធីការងារ និងគណនេយ្យភាពរបស់ខ្លួនប្រកបដោយភាពជាម្ចាស់ និង ឆន្ទៈកែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបាន កំណត់នៅក្នុងឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រស្ដីពីកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤»។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ដំណាក់កាលទី ៤ នឹងត្រូវបានអនុវត្ត ប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ ព្រមទាំងការតាមដាន ការត្រួតពិនិត្យ និង ការវាយតម្លៃជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជម្នះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី កិច្ចសហការ និងការសម្របសម្រួលខ្ពស់ក្នុងគោលបំណងសម្រេចឱ្យបាននូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅតាម ស្ដង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ៕
អត្ថបទ៖ SPM Page
ត្បូងឃ្មុំ៖នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំមានបើកវគ្គបណ្តុះបណ្តាលបន្ថែមស្តីពី“ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងទិន្ន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋហៅកាត់ថា (SARMIS)”ជូនដល់មន្ទីរ-អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តត្បូងឃ្មុំ គោលបំណងដើម្បីសំដៅធ្វើយ៉ាងណាឲ្យការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាពប្រើប្រាស់ ដំណើរការទៅប្រកបដោយ ភាពត្រឹមត្រូវពេញលេញ និងទាន់ពេល ក្រោមអធិបតីភាពលោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
លោកប្រធានមន្ទីរ បានលើកឡើងថា "ការអនុវត្តកន្លងមកគឺការរៀបចំបញ្ជីសារពើភណ្ឌ កត់ត្រាដោយដៃលើក្រដាស់ ឬតាមកម្មវិធី Word Excel យើងតែងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ក្នុងការរៀបចំបញ្ជីសារពើភ័ណ្ឌដូចជា៖ ការកំណត់តម្លៃ
ទ្រព្យសម្បត្តិទាំងនោះ ការរៀបចំបញ្ជីសារពើ ភ័ណ្ឌមិនត្រឹមត្រូវពេញលេញ លំបាកក្នុងការបញ្ចូលទិន្ន័យថ្មីក្នុងបញ្ជីសារពើភ័ណ្ឌ លំបាកក្នុងការបោះពុម្ភរបាយការណ៍ជាដើម បញ្ហាទាំងនេះទាមទារឲ្យមានការដោះស្រាយដោយប្រើប្រាស់នូវប្រព័ន្ធព័ត៌មានវិទ្យា
ថ្មីមួយនោះគឺប្រព័ន្ធ(SARMIS)នេះតែម្តង៕"
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីពិភាក្សាលើ របាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ ២០២២» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពនានាៗ ក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ដើម្បីពិភាក្សាលើលទ្ធផលនៃការតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកា ដែលអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួងសម្រេចបានក្នុងឆ្នាំ ២០២២ ដោយពិនិត្យលើទិដ្ឋភាពហិរញ្ញវត្ថុ, ទិដ្ឋភាពសមិទ្ធកម្ម, អនុលោមតាមលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តថវិកាកម្មវិធី និងថវិកាសមិទ្ធកម្ម, ព្រមទាំងកំណត់បញ្ហាប្រឈម និងវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តការងារនៅឆ្នាំបន្តបន្ទាប់ឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញ ដូចដែលក្រសួងបានរៀបចំជារៀងរាល់ឆ្នាំ ចាប់ពីការិយបរិច្ឆេទថវិកាឆ្នាំ ២០១៥ មក ។
ជាមួយគ្នានេះ កិច្ចប្រជុំ ក៏ពិនិត្យផងដែរនូវបទពិសោធន៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុវត្តនីតិវិធីចំណាយតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System - FMIS) ទាំងស្រុង ក្នុងខណៈដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាក្រសួងមួយ ក្នុងចំណោមក្រសួងចំនួនពីរ ដែលត្រូវបានដាក់ឱ្យអនុវត្តនីតិវិធីចំណាយតាមប្រព័ន្ធ FMIS ទាំងស្រុង កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២ កន្លងទៅ ។
សម្រាប់ទិដ្ឋភាពហិរញ្ញវត្ថុ ក្នុង ឆ្នាំ ២០២២ នេះ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជានៅបន្តរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកល ការប្រមូលចំណូលរបស់ក្រសួងជារួម (ដោយមិនបូកចំណូលពន្ធដារថ្នាក់ក្រោមជាតិ) សម្រេចបានលទ្ធផលល្អគួរកត់សម្គាល់ ក្នុងទំហំ ២៨.៨ទ្រីលានរៀល ស្មើនឹង ៩៩.១% ធៀបច្បាប់ (លទ្ធផលប្រចាំឆ្នាំ២០២១ សម្រេចបាន ៩៨.៥% ធៀបច្បាប់) ក្នុងនោះ ថ្នាក់កណ្ដាល សម្រេចបាន ២៨.៧៧ទ្រីលានរៀល ស្មើនឹង៩៩.១%ធៀបច្បាប់ រីឯថ្នាក់មូលដ្ឋាន សម្រេចបាន ៦៣៣.៥ លានរៀលស្មើនឹង ១៥៧.៦% ធៀបច្បាប់។
ចំណូលសារពើពន្ធ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលើសផែនការ ក្នុងរង្វង់ ១១១.៥%ធៀបច្បាប់ (គយនិងរដ្ឋាករ ១០៤.៩%, ពន្ធដារថ្នាក់ជាតិ ១១៧.៥% និងពន្ធដារថ្នាក់ក្រោមជាតិ ១២៤.៦%) ។ ដោយឡែក ចំណូលប្រមូលបានសរុបរបស់ក្រសួងទាបជាងផែនការបន្តិច ដោយសារ ចំណូលមិនមែនសារពើពន្ធ និងចំណូលមូលធន ប្រមូលបានទាបជាងច្បាប់កំណត់ ត្រឹម ៨២.២% និង ៧១.៣% ធៀបច្បាប់រៀងគ្នា ។
សម្រាប់ការអនុវត្តចំណាយប្រចាំឆ្នាំ ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រមាណ ៩៦% នៃឥណទានថ្មី (តួលេខធានាចំណាយ) និងប្រមាណ ៨៩.៧% នៃឥណទានថ្មី (តួលេខអាណត្តិទូទាត់) ។
សម្រាប់សមិទ្ធកម្មប្រចាំឆ្នាំ ២០២២ ជារួម សម្រេចបានពិន្ទុប្រមាណ ៩៤/១០០ ធៀបនឹងគោលដៅសូចនាករកម្រិតអនុកម្មវិធីដែលបានកំណត់ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ក្នុងនោះ គោលបំណងគោលនយោបាយទី ១ សម្រេចបានក្នុងរង្វង់ ៩៣/១០០ និងគោលបំណងគោលនយោបាយទី២ សម្រេចបានក្នុងរង្វង់ ៩៣/១០០ រីឯសមិទ្ធកម្មគ្រប់អង្គភាពថវិកា សម្រេចបានប្រសើរ ចាប់ពី ៨៥/១០០ឡើងទៅ) ។ បើពិនិត្យមើលស្ថានភាពគោលដៅសូចនាករ កម្រិតអនុកម្មវិធី ឃើញថាក្នុងចំណោម គោលដៅសូចនាករសរុបចំនួន ២១១, សម្រេចស្ថាពរ បានចំនួន ១៧១ និងសម្រេចមិនបានពេញលេញ ប៉ុន្តែមានវឌ្ឍនភាពបង្គួរ ចំនួន ៤០។
ជារួម ការត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ ២០២២ បានបង្ហាញថាអង្គភាពថវិកាក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងធ្វើការផ្លាស់ប្តូរ ដើម្បីឆ្ពោះទៅការទទួលខុសត្រូវចំពោះសមិទ្ធកម្ម ។ ការចាប់ផ្តើមអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះជាវិញ្ញាសាថ្មីសម្រាប់គ្រប់អង្គភាព ។
ដោយឡែក នីតិវិធីចំណាយថ្មី នៅតែជាកម្មវត្ថុនៃការកែលម្អដើម្បីភាពទាន់ពេល និងគណនេយ្យភាព ។ ទន្ទឹមនេះ ការដាក់ឱ្យអនុវត្តនីតិវិធីចំណាយតាមប្រព័ន្ធ FMIS ទាំងស្រុង ជាចំណុចរបត់ថ្មី នៃការអនុវត្តថវិកានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអគ្គនាយកដ្ឋានជំនាញ និងក្រុមការងារគ្រប់គ្រងគម្រោង FMIS អាចដកពិសោធន៍ សម្រាប់ការពង្រីកវិសាលភាពទៅក្រសួង ស្ថាប័នដទៃ ។
លទ្ធផលនៃការត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ ២០២២នេះ បានបង្ហាញអំពីការបន្តកសាងភាពជាគំរូ ក្នុងការអនុវត្តថវិកាកម្មវិធី ស្របតាមទិសដៅកំណត់ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបង្ហាញពីការត្រៀមលក្ខណៈបានសមស្រប សម្រាប់ការអនុវត្តថវិកាសមិទ្ធកម្មនៅឆ្នាំ ២០២៣ ៕
ខេត្តព្រះសីហនុ៖ នាថ្ងៃសុក្រ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣
លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំបានដឹកនាំមន្ត្រីជំនាញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងណែនាំ ស្តីពី ក្របខណ្ឌគតិយុត្ត យន្តការ និងនីតិវិធីនៃការអនុវត្តចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលរៀបចំឡើងនៅសណ្ធាគារ និងរមណីយដ្ឋានឆ្នេរសុខាខេត្តព្រះសីហនុ។
សិក្ខាសាលានេះមានគោលបំណង ដើម្បីធានាការអនុលោមភាពនៃច្បាប់និង លិខិតបទដ្ឋានគតិយុត្ត និងធ្វើយ៉ាងណាអោយការប្រមូលចំណូលមិនមែនសារពើពន្ធផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំណើរការដោយរលូន មានលក្ខណៈប្រមូលផ្តុំព្រមទាំងអាចអនុវត្តបានទៅតាមផែនការដែលបានគ្រោងទុក។
នាថ្ងៃព្រហស្បត្តិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២, សិក្ខាសាលាបណ្តុះបណ្តាលលើកទី២ ស្តីពី “របៀបសរសេរអត្ថបទ, បច្ចេកទេសថតរូប, ការគ្រប់គ្រងហ្វេសបុក, និងការគ្រប់គ្រងគេហទំព័រ” ដែលបានរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ប្រព្រឹត្តិទៅរយៈ១ថ្ងៃកន្លះនេះ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ និងទទួលបានជាផ្លែផ្កាជូនសិក្ខាកាម ក្រោមអធិបតី ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ និងមានការចូលរួមពីប្រធាន, អនុប្រធាន, និងមន្ត្រីបង្គោលប្រចាំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត និងមន្ត្រីជំនាញនៃ អ.គ.ហ.។ ក្រោយបិទបញ្ចប់វគ្គសិក្ខាកាម បានទទួលនូវចំណេះបំពេញបន្ថែម និងបានទទួលនូវវិញ្ញាបនបត្របព្ជាក់ការសិក្សា ដោយមានការចូលរួមផ្តល់វិញ្ញាប័នបត្រដោយផ្ទាល់ពី លោកជំទាវ ថុង សុវណ្ណរង្សី ប្រធានសារព័ត៌មានកោះសន្តិភាព។